យោធាឈីលីអះអាងថា យន្តហោះដឹកជញ្ជូនដែលបាត់ដំណឹងជាមួយមនុស្ស៣៨នាក់បានធ្លាក់បាត់ហើយ
អត្ថបទដោយ៖
Kien Sereyvuth
ឈីលី៖ យោធាឈីលីអះអាងថា យន្តហោះយោធាមួយគ្រឿងរបស់កងទ័ពអាកាស ដែលមានផ្ទុកមនុស្សចំនួន៣៨នាក់បានដាច់ការទាក់ទង កំឡុងពេលធ្វើដំណើរឆ្ពោះទៅកាន់ទ្វីបអង់តាក់ទិចនៃប៉ូលខាងត្បូងរបស់ភពផែនដីនោះ ឥឡូវនេះបានធ្លាក់បាត់ហើយ ខណៈជោគវាសនារបស់មនុស្សទំាងនោះមិនទាន់អាចដឹងច្បាស់នៅឡើយទេ ។
យន្តហោះយោធានេះគឺប្រភេទ C-130 បានបាត់ដំណឹងនៅកំឡុងម៉ោង៦ល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ក្រោយហោះចាកចេញពីទីក្រុង ផាន់ថា អារ៉េណាស់ ស្ថិតនៅភាគខាងត្បូងប្រទេសឈីលី នេះបើតាមយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឈីលី ។
ប្រភពដដែលបន្តទៀតថា ក្នុងចំណោមអ្នកជិះទាំង៣៨នាក់នៅលើយន្តហោះយោធាខាងលើ គឺមាន១៧នាក់ជាសហសេវិក និង២១នាក់ជាអ្នកដំណើរ ហើយវាមានគោលដៅទៅកាន់ទ្វីបអង់តាក់ទិច ដើម្បីធ្វើការស្រាវជ្រាវ ។ អាជ្ញាធរឈីលីអះអាងថា គិតមកទល់ពេលនេះ ប្រតិបត្តិការរុករក និង ជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ ៕




