ចិនអះអាងថា កិច្ចព្រមព្រៀង AUKUS បានបំផ្លាញការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

ប៉េកាំង៖ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសចិន លោក ហ៊្វូ កុង នៅថ្ងៃអង្គារនេះបញ្ជាក់ថា កិច្ចព្រមព្រៀងសម្ព័ន្ធភាពត្រីភាគី ដែលហៅកាត់ថា AUKUS រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី អាចនាំឱ្យមានការដួលរលំនៃរបបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

អ្នកការទូតបាននិយាយនៅក្នុងសន្និសីទសង្ខេបមួយថា AUKUS ដែលជាកិច្ចព្រមព្រៀងត្រីភាគីស្តីពីការអភិវឌ្ឍន៍នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាបញ្ហាធ្ងន់ធ្ងរបំផុត។ ចំណុចសំខាន់នៃបញ្ហា គឺថា ប្រសិនបើផែនការនេះត្រូវបានអនុវត្ត នោះមានន័យថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលជារដ្ឋនុយក្លេអ៊ែរចំនួនពីរនឹងប្រគល់ទៅកាន់អូស្ត្រាលី ដែលមិនមែនជាប្រទេសនុយក្លេអ៊ែរ និងអ៊ុយរ៉ាញ៉ូមកម្រិតអាវុធ។ ដោយឡែកលោក កុង បានសង្កត់ធ្ងន់ថា ប្រព័ន្ធការពាររបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បច្ចុប្បន្នមិនផ្តល់មធ្យោបាយណាមួយ ដើម្បីផ្ទៀងផ្ទាត់ថា អូស្ត្រាលីនឹងមិនប្រើប្រាស់សម្ភារៈដើម្បីបង្កើតអាវុធនុយក្លេអ៊ែរនោះទេ។ លោក កុង បាននិយាយដូច្នេះថា យើងជឿថា ប្រការនេះនឹងក្លាយជាការកេងប្រវ័ញ្ចដ៏អាក្រក់ នៃចន្លោះប្រហោងក្នុងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយប្រសិនបើប្រទេសជាច្រើនធ្វើវា នោះមានន័យថា នឹងដួលរលំនៃរបបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដោយលោកបានចោទប្រកាន់អង់គ្លេស-សហរដ្ឋអាមេរិកអំពីស្តង់ដារទ្វេរដង។ កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានបើកបង្ហាញកិច្ចព្រមព្រៀងសម្ព័ន្ធភាពត្រីភាគីរបស់ពួកគេ ដែលធ្វើអោយទីក្រុងកង់បេរ៉ា សម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទ្វេភាគីតម្លៃ ៦៦ពាន់លានដុល្លារជាមួយបារាំង ខណៈទីក្រុងប៉ារីសបានថ្កោលទោសទង្វើនេះថា ជាការក្បត់ទំនុកចិត្តរវាងរដ្ឋ។

ដោយឡែកកាលពីថ្ងៃទី១៥ ខែធ្នូកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិនលោក ស៊ី ជីនពីង ក៏បានឯកភាពគ្នាដែរថា ភាពជាដៃគូរបស់ AUKUS បានបំផ្លាញតុល្យភាពនុយក្លេអ៊ែរ និងបង្កើនភាពតានតឹងនៅក្នុងតំបន់៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner