ម៉ោង ៣រសៀលនេះ U22 កម្ពុជា ប៉ះមីយ៉ាន់ម៉ា ដណ្ដើមមេដាយសំរឹទ្ធ នៅ SEA Games 2019

អត្ថបទដោយ៖
Kien Sereyvuth

ម៉ានីល៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា នឹងត្រូវជួបជម្រើសជាតិ ជាតិអាយុក្រោម ២២ឆ្នាំ មីយ៉ាន់ម៉ា ដើម្បីដណ្ដើមមេដាយសំរឹទ្ធ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន នាវេលាម៉ោង ៣រសៀលនេះ(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Rizal Memorial ទីក្រុងម៉ានីល។

នេះគឺជាការប្រកួតដ៏សំខាន់ ដោយគោព្រៃកម្ពុជា ត្រូវការឈ្នះដាច់ខាត ដើម្បីឈ្នះមេដាយសំរឹទ្ធលើកដំបូងសាងប្រវត្តិសាស្ដ្រថ្មី បន្ទាប់ពីបំបែកកំណត់ត្រា ៦០ឆ្នាំឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ មួយវិញទៀត វាក៏ជាឱកាសសងសឹក ដើម្បីបង្កើនប្រជាប្រិយភាពផងដែរ ដ្បិតកាលពីជួបគ្នាក្នុងពូល A ក្រុម U22 កម្ពុជា បានចាញ់ក្រុម U22 មីយ៉ាន់ម៉ា ២-១។
ទន្ទឹមជាមួយការប្រកួតវគ្គដ៏សំខាន់នេះ សមាជិកក្រុមរបស់គោព្រៃកម្ពុជា សុទ្ធតែមានការតាំងចិត្ត ឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់បំផុត ដើម្បីដណ្ដើមមេដាយសំរឹទ្ធជូនជាតិ ។ តួយ៉ាងកីឡាករ កែវ សុខផេង ក្រោយមានការរិះគន់របស់ជនមួយក្រុម ហើយត្រូវបានអ្នកគាំទ្រភ្លូកទឹកភ្លូកដីផ្ញើសារលើកទឹកចិត្ត រូបគេបានអះអាងថា បានត្រៀមខ្លួនជាស្រេច ដើម្បីតតាំងជាមួយ មីយ៉ាន់ម៉ា និងដណ្ដើមជ័យជម្នះឲ្យខានតែបាន ។

គួរបញ្ជាក់ថា ទោះបីក្រុមគោព្រៃកម្ពុជា មិនអាចឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ឬប្រាក់ តែកម្ពុជាបានសាងប្រវត្តិសាស្ដ្រមួយរួចមកហើយ ក្នុងការដណ្ដើមបានកៅអីវគ្គ ៤ក្រុមចុងក្រោយ ដែលធ្វើឲ្យអ្នកគាំទ្រទូទាំងប្រទេសបង្ហាញការសប្បាយចិត្ត ហើយរំពឹងពួកគេនឹងបន្ដធ្វើឲ្យកាន់តែល្អក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ឬមេដាយសំរឹទ្ធ ជាមួយក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា នាវេលាម៉ោង ៣រសៀលនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner