អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប អះអាងថា Total Cup Race លើកទី៤ លើទឹកដីខេត្តបាត់ដំបងជោគជ័យកាន់តែខ្លាំងលើសការរំពឹងទុក
ក្រុមភ្នាក់ងាររៀបចំការប្រណាំងយានយន្ត KARA លោក វង្ស គីមហួត បានអះអាងថា Total Cup Race លើកទី៤ លើទឹកដីខេត្តបាត់ដំបងជោគជ័យកាន់តែខ្លាំងលើសការរំពឹងទុក ទាំងបច្ចេកទេស ច្បាប់លក្ខន្តិកៈ នៃការប្រកួត ការចូលរួមពីកីឡាករ កីឡាការិនី ជាពិសេសអ្នកគាំទ្របានចូលទស្សនាយ៉ាងច្រើនកុះករ ។

លោក វង្ស គីមហួត បញ្ជាក់បន្ថែមទៀតថា ថ្វីដ្បិតពេលនេះ អត្តពលិកកីឡាករ កីឡាការិនីប្រណាំងម៉ូតូកម្ពុជា យើងមិនទាន់ប្រជែងដណ្តើមបានលទ្ធផលល្អ ក្នុងវិញ្ញាសាប្រណាំងកម្រិតជំនាញខ្ពស់ដែលមានកីឡាករបរទេសចូលរួមជាមួយក្តី ប៉ុន្តែកម្រិតសមត្ថភាព នៃការប្រកួតប្រជែងគឺមានការអភិវឌ្ឍរីកចំរើនខ្លាំងជាងឆ្នាំមុនៗ ពោលការប្រកួតប្រជែងមានភាពតានតឹងខ្លាំងមុន និងកីឡាករបរទេសទទួលបានជោគជ័យ ។

ជាមួយគ្នានោះ ក្នុងនាមភ្នាក់ងារ KARA លោក វង្ស គីមហួត បានអំពាវនាវអោយបណ្តាក្រុមហ៊ុនពាក់ព័ន្ធ និងវិស័យកីឡាយានយន្តសូមចូលរួមគាំទ្រឧបត្ថម្ភដល់កីឡាករ កីឡាការិនី នៅក្នុងស្រុក ដើម្បីឲ្យកីឡាករយើងមានសក្តានុពលដូចកីឡាករមកពីបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ។ លោក បានថ្លែងអំណរគុណដល់ក្រុមហ៊ុន TOTAL ដែលជាអ្នកឧបត្ថម្ភគាំទ្រពី ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងបណ្តាក្រុមមួយចំនួនទៀតដែលបានជម្រុញឲ្យព្រឹត្តិការណ៍ប្រណាំងនេះបញ្ចប់ទៅដោយភាពជោគជ័យ ។

អ្នកប្រណាំងម៉ាឡេស៊ី មហាម៉េតហ្វីទ្រី បានលើកឡើងថា ការចូលរួមប្រណាំងលើកទី១ នៅកម្ពុជានេះ ខ្ញុំមើលឃើញថា ការរៀបចំរបស់ Kara គឺមានលក្ខណៈស្តង់ដារអន្តរជាតិ ប្រហាក់ប្រហែលនឹងម៉ាឡេស៊ី ចំណែកឯកីឡាករកម្ពុជាវិញ សិទ្ធផលរបស់ពួកគាត់មិនទាន់ប្រជែងជាមួយកីឡាករបរទេសបានល្អក្តី ប៉ុន្តែពួកគេនឹងមានការរីកចំរើន នាពេលខាងមុខ ពីព្រោះទេពកោសល្យមាន តែគ្រាន់តែការប្រកួតនៅមានតិច ធ្វើឲ្យខ្វះបទពិសោធន៍ និងបច្ចេកទេស ។

ដោយឡែក កីឡាករកម្ពុជា ខុម ប៊ុនហាប់ និងកីឡាករ Klang KN រំពឹងជឿជាក់ថា ការប្រជែង ជាមួយកីឡាករបរទេស ពីការប្រកួតម៉ូតូវាលរាប ដែលប្រសិទ្ធនាមថា Total Cup Race លើកទី៤ នេះ នឹងផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឈានទៅដណ្តើមជោគជ័យ ពីការ ប្រណាំង កម្រិតអន្តរជាតិនាពេលខាងមុខជាក់ជាមិនខាន ។

គួររំលឹកថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប លើកទី៤ ដែលប្រសិទ្ធនាមថា TOTAL CUP RACEនេះ មិនត្រឹមតែជួយលើកម្ពស់អភិវឌ្ឍវិស័យកីឡាប្រណាំងម៉ូតូ នៅកម្ពុជា ឲ្យរីកចំរើនប៉ុណ្ណោះទេ ព្រឹត្តិការណ៍នេះក៏បានធ្វើការអប់រំផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ថែមទាំងបានផ្តល់ឱកាសអោយយុវជនបញ្ចេញសមត្ថភាពនៅលើទីលានផងដែរ ។

គួរបញ្ជាក់ថា ការប្រណាំងម៉ូតូលើវាលរាប ឬ KARA Cup Race បង្កើតឡើងលើកហើយ ដោយលើកទី១ ក្នុងឆ្នាំ២០១៦ ធ្វើនៅកោះពេជ្រ រាជធានីភ្នំេញ លើកទី២ នៅខេត្តបាត់ដំបង ឆ្នាំ២០១៧ លើកទី៣ នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ និងលើកទី៤ ធ្វើនៅអាកាសយានដ្ឋានខេត្តបាត់ដំបង ៕ធ.ដ
