មន្ទីរបញ្ចកោណ៖ ខ្លួនគ្មានផែនការដាក់ពង្រាយទាហានអាមេរិកបន្ថែមទៀតទៅកាន់អឺរ៉ុបខាងកើត ចំពេលមានភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ខើប៊ី បញ្ជាក់ថា សហរដ្ឋអាមេរិកមិនមានគម្រោងបញ្ជូនកងកម្លាំងបន្ថែមទៅកាន់អឺរ៉ុបខាងកើត ដោយសារតែភាពតានតឹងជុំវិញអ៊ុយក្រែន និងការចោទប្រកាន់ថា មានវត្តមានទាហានរុស្ស៊ីនៅតាមព្រំដែនរបស់អ៊ុយក្រែននោះឡើយ។

​លោក ខើប៊ី បាននិយាយលម្អិតអំពីបញ្ហានេះ នៅពេលឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងផែនការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងជួយដល់ដៃគូណាតូរបស់ខ្លួន នៅក្នុងករណីដែលរុស្ស៊ីចាត់វិធានការយ៉ាងចាស់ដៃប្រឆាំងនឹងអ៊ុយក្រែន ដែលជាអ្វីដែលទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀត។ ទោះបី ជាយ៉ាងណា អ្នកនាំពាក្យមន្ទីរបញ្ចកោណបានបដិសេធមិនធ្វើការប៉ាន់ស្មាន អំពីអ្វីដែលកងទ័ពអាចនឹងត្រូវបានដាក់ពង្រាយ ប្រសិនបើការឈ្លានពានកើតឡើងនោះឡើយ។ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានបង្ហើបឱ្យដឹងថា មុននេះទីក្រុងវ៉ាស៊ីនតោនបានពិភាក្សាជាមួយដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវេស និងស៊ុយអែត អំពីការដាក់ទណ្ឌកម្មដែលអាចនឹងត្រូវទម្លាក់លើរុស្ស៊ី ប្រសិនបើប្រទេសនេះឈ្លានពានអ៊ុយក្រែន។

យ៉ាងណាមិញ វិមានក្រឹមឡាំងបានច្រានចោលរាល់ការអះអាងដែលថា ខ្លួនមានគម្រោងឈ្លានពានអ្នកជិតខាងរបស់ប្រទេសខ្លួន ហើយបានសង្កត់ធ្ងន់ថា ខ្លួនមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។ រុស្ស៊ី​បានបញ្ជាក់បន្ថែម​ថា ខ្លួន​មាន​សិទ្ធិ​ផ្លាស់ទី​កងទ័ព​របស់​ប្រទេស​ក្នុង​តំបន់​ព្រំដែន​របស់​ខ្លួន​តាម​ការ​យល់​ឃើញ​របស់​ខ្លួន៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner