ប្រមុខការទូតអាមេរិក និងអាល្លឺម៉ង់ព្រមានរុស្ស៊ីអំពីផលវិបាកផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប្រសិនបើឈ្លានពានអ៊ុយក្រែន

វ៉ាស៊ីនតោន៖ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានព្រមានរុស្ស៊ីថា ការឈ្លានពានអ៊ុយក្រែននឹងមានផលវិបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន និងសមភាគីអាល្លឺម៉ង់លោកស្រី អាណាលីណា បាអឺបុក បាននិយាយទៅកាន់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកលោកនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធម្សិលមិញ។ ទន្ទឹមនេះ ពលរដ្ឋអាមេរិក និង​អឺរ៉ុប​បាន​ថ្កោលទោស​ការ​បង្កើន​យោធា​របស់​រុស្ស៊ី​នៅ​ព្រំដែន​អ៊ុយក្រែន ហើយ​កំពុង​ស្វែងរក​ការ​ដក​ទ័ព ខណៈដែលទីក្រុងម៉ូស្គូ​កំពុង​ទាមទារអោយ​មាន​ការ​ធានា​ថា ​អង្គការ​ណាតូ​នឹង​មិនពង្រីកខ្លួន​បន្ថែម​ទៀត។ លោក ប្លីងខិន និយាយថា ប្រសិនបើរុស្សីជ្រើសរើសបង្កើនភាពតានតឹងខ្លាំងឡើងនោះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងឆ្លើយតបយ៉ាងឆាប់រហ័ស។ លោក ប្លីងខិន បានបញ្ជាក់ដូច្នេះថា “រុស្ស៊ីនឹងប្រឈមមុខនូវផលវិបាកដ៏ធំសម្រាប់ការឈ្លានពានជាថ្មីប្រឆាំងនឹងអ៊ុយក្រែន” ដោយលោកក៏បានសំដៅទៅលើគម្រោង Nord Stream 2 ដែលជាបំពង់បង្ហូរឧស្ម័នធម្មជាតិថ្មីសម្រាប់ដឹកឧស្ម័នធម្មជាតិពី រុស្ស៊ីទៅកាន់អាល្លឺម៉ង់ ដែលមិនទាន់ដំណើរការនៅឡើយ។

ដោយឡែកលោកស្រី បាអឺបុក ក៏បាននិយាយដែរថា អាល្លឺម៉ង់ និងអាមេរិកមានជំហររួមគ្នា។ កិច្ចប្រជុំជាបន្តបន្ទាប់ត្រូវបានកំណត់ពេលនៅសប្តាហ៍ក្រោយ ដែលមានការចូលរួមពីមន្ត្រីអាមេរិក អឺរ៉ុប និងរុស្ស៊ី៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner