រថយន្តហាយឡែនឌ័រពន្លះទ្រូងផ្លូវព្រះមុន្នីវង្សបាក់អស់១កង់ រថយន្តបង្កខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួត្យពិនិត្យភ្លាមៗ កាលពីវេលាម៉ោង៣ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងនិងផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-8629 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់១កង់ រីឯរថយន្តបានដាច់កាឡែកង់មុខទៅមុខលេងរួច សំណាងល្អដែរក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។
ក្រោយកើតហេតុភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕