ពិធីប្រកាសប្រធាន អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោត (គជប) ខេត្តក្រចេះ
ក្រចេះ៖ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជាអធិបតីក្នុងពិធីប្រការចូលកាន់តំណែងថ្មីរបស់ប្រធាន អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោត(គជប)ខេត្តក្រចេះ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដែលប្រធានថ្មីគឺលោកស្រី អ៊ាង សារិ និងលោក យឺន យាន ជាអនុប្រធានជំនួសលោក អ៊ុង ស៊ីយឿន និងលោក អ៊ីវ សុផានី ជំនួយការលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ។
ឯកឧត្តម ឌឹម សុវណ្ណារុំ មានប្រសាសនទថា៖ (គជប)គឺជាស្ថាប័នឯករាជ្យដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងទៀតតាមការកំណត់នៃច្បាប់ កន្លងមុខ(គជប)បានអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយ ឯករាជ្យ អព្យាក្រឹត ដើម្បីធានាអោយការបោះឆ្នោតប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯងដែលមានស្ថាប័ន (គជប) ជាស្ថាប័នឯករាជ្យ រៀបចំចាត់ចែងនិងគ្រប់គ្រងការរៀបចំបោះឆ្នោត ហើយការបោះឆ្នោតមានពីរប្រភេទ គឺការបោះឆ្នោតសកល និងការបោះឆ្នោតអសកល ។
ឯកឧត្តមបន្តថា៖ លេខាធិការដ្ឋានគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតមានភារកិច្ចក្នុងការទំនាក់ទំនងជាមួយអាជ្ញាធររាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ – ទទួលបញ្ជីឈ្មោះប្រជាពលរដ្ឋដែលទទួលមរណភាព ដែលត្រូវដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ដែលបានផ្លាស់លំនៅដ្ឋាន ឬទីសំណាក់ចេញទៅឃុំសង្កាត់ផ្សេង ពីស្មៀនឃុំសង្កាត់រៀងរាល់២ខែម្ដង ក្នុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតត្រូវសហការជាមួយក្រុម ចុះឈ្មោះបោះឆ្នោតនៃឃុំសង្កាត់នីមួយៗ ដើម្បីលុបឈ្មោះប្រជាពលរដ្ឋទាំងនោះចេញពីបញ្ជីបោះឆ្នោត -ទទួលបញ្ជីឈ្មោះប្រជាពលរដ្ឋ ដែលមិនបានចុះឈ្មោះពីមុនមក ដែលទើបដល់អាយុត្រូវបោះឆ្នោត ដែលបានផ្លាស់ប្ដូរទីលំនៅដ្ឋាន ឬទីសំណាក់ចូលថ្មី ពីស្មៀនឃុំ សង្កាត់ រៀងរាល់២ខែម្ដង -ពិភាក្សាជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីចាត់ឲ្យក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការចុះឈ្មោះចល័តស្របតាមបទបញ្ជានិងនីតិវិធី -សហការជាមួយឃុំសង្កាត់ ធ្វើការប៉ាន់ស្មានចំនួនប្រជាជនក្នុងឃុំ សង្កាត់ ចំនួនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើងទៅ និងទីតាំងការិយាល័យបោះឆ្នោត ក្នុងឃុំសង្កាត់នីមួយៗ -រាយការណ៍ជូន គជប អំពីដំណើរការចុះឈ្មោះបោះឆ្នោត ម្យ៉ាងវិញទៀត ប្រធាន អនុប្រធាន ដែលចូលកាន់តំណែងថ្មីត្រូវយកចិត្តទុកដាក់ -គោរពអនុវត្តតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត បទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រមសីលធម៌សំរាប់មន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោត ៕