មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបិរច្ចាកចំនួន ២០ ០០០ ០០០ រៀល
នៅរសៀលថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ខុន ហុង និងក្រុមគ្រួសារ បានបរិច្ចាគថវិកាចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការបង្កើតឡើង និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ដើម្បីកៀរគរថវិកាបរិច្ចាគពីគ្រប់ប្រភពស្របច្បាប់ ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ក្នុងការបន្តផ្ដល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។
ជួសមុខឱ្យអាណាព្យាបាលកុមារកម្ពុជា មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់លោកស្រី ខុន ហុង និងក្រុមគ្រួសារ និងសូមបន្តលើកទឹកចិត្តដល់សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ឱ្យចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
សូមជម្រាបជូនថាមូលនិធិគន្ធបុប្ផាកម្ពុជានៅទទួលសមាជិកពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង (២) សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ប្រាំមួយម៉ឺន)រៀល ក្នុងមួយឆ្នាំ។
មូលនិធិគន្ធបុប្ផាកម្ពុជាសូមជម្រាបជូនផងដែរថា ក្នុងករណី ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
– ធនាគារកាណាឌីយ៉ា
– ធនាគារអេស៊ីលីដា
– ធនាគារ ABA
– ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
– ភ្នាក់ងារវេប្រាក់ TrueMoney
– ភ្នាក់ងារវេប្រាក់ DaraPay
ឬទំនាក់ទំនងមកលេខាធិកាដ្ឋានដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh




