បណ្ឌិត្យសភានគរបាលកម្ពុជា បង្កើនសមត្ថភាពកងកម្លាំងប្រដាប់អាវុធ ដើម្បីគ្រប់គ្រងជនបរទេស

អត្ថបទដោយ៖
Kien Sereyvuth

បណ្ឌិត្យសភានគរបាលកម្ពុជា បង្កើនសមត្ថភាពកងកម្លាំងប្រដាប់អាវុធ ដើម្បីគ្រប់គ្រងជនបរទេស ដែលមករស់នៅ និង មកទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ក្នុងការធានា សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈនៅក្នុងសង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើការណែនាំ ទៅដល់ មន្រ្តីនគរបាលកម្ពុជា ទាំងអស់ត្រូវ បង្កើនសមត្ថភាពចំណេះដឹង ផ្នែក ភាសាបរទេស ព័ត៌មានវិជ្ជា ការស៊ើបការខាងក្រៅ និងការស្រាវជ្រាវ ស្វែករកចាប់ខ្លួនមុខសញ្ញាឧក្រឹដ្ឋជនបរទេស ដែលប្រព្រឹត្តិបទល្មើស លួច ឆក់ ប្លន់ ឆកបោកតាមប្រព័ន្ធអ៊ីធឺណេត ការចាប់ជម្រិតទារប្រាក់ និងការបង្កសកម្មភាពអសន្តិសុខនៅក្នុងសង្គម ដើម្បីយកផ្ដន្ទាទោសទៅផ្លូវច្បាប់ ឬ បណ្ដេញចេញពីប្រទេសកម្ពុជា។

ថ្លែងនៅក្នុង ពិធីបិទវគ្គ បំប៉នជំនាញស៊ើបការណ៍ខាងក្រៅ វគ្គបំប៉នជំនាញគ្រប់គ្រងជនបរទេស វគ្គបណ្តុះបណ្តាលថ្នាក់ភាសាអង់គ្លេស សម្រាប់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងវគ្គបណ្តុះបណ្តាលជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្រិតមធ្យម ដែលមានសិក្ខាកាមសរុប ចំនួន ១៤៧នាក់ នៅរសៀលថ្ងៃទី ៩ ធ្នូនេះ នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ដីឥដ្ឋ ខេត្តកណ្ដាល ឯកឧត្ដម បានថ្លែងបញ្ជាក់ថា ការពង្រឹងជំនាញទាំងនេះ ធ្វើឡើងបន្ទាប់ពិនិត្យឃើញថា កំណើននៃភ្ញៀវទេសចរបរទេស និងជនអន្តោប្រវេសន៍ ដែលមកស្នាក់នៅក្នុងប្រទេស គឺមានការកើនឡើង ដែលតម្រូវឲ្យ មន្រ្តីនគរបាលកម្ពុជា ត្រូវមានការត្រៀមខ្លួន និងមានជំនាញច្បាស់លាស់ ក្នុងទប់ស្កាត់ និងបង្រ្កាប បទល្មើសផ្សេងៗដែលបង្កឡើងដោយជនបទេស។

ឯកឧត្តម បានថ្លែងបញ្ជាក់ទៀតថា បណ្ឌិត្យសភានគរបាលកម្ពុជា និងបង្កើនសមត្ថភាពមន្រ្តីគរបាលកម្ពុជាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អង្គភាពប្រើប្រាស់កងកម្លាំង និងមានសមត្ថភាពវិជ្ជាជីវៈគ្រប់គ្រាន់ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានា សន្តិសុខ សុវត្ថិភាព ជូនទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្គម។

សូមបញ្ជាក់ថា កំណែទម្រង់លើការងារសំខាន់ៗ នៃបណ្ឌិត្យសភានគរបាលកម្ពុជា គឺការពង្រឹង វិន័យអ្នកសិក្សា និងការប្រកាន់ភ្ជាប់នូវគោលការណ៍សំខាន់ៗ ៣ គឺ គោលការណ៍សមធម៌ គោលការណ៍មិនលម្អៀង និង វប្បធម៌គុណភាព ព្រមទាំងធ្វើការផ្លាស់ប្តូរវប្បធម៌ និងផ្នត់គំនិតថ្មី ពោលគឺ អ្នកដែលបានមករៀនគឺ អ្នកដែលមានឱកាសក្លាយជាអ្នកដឹកនាំ និងមន្ត្រីជំនាញអាជីព មិនមែនជាអ្នកដែលគេមិនប្រើប្រាស់នោះទេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner