សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា រៀបចំសិក្ខាសលា ស្តីអំពី “ អ្នកចាប់ផ្តើមអាជីវកម្មដំបូងត្រូវយល់ដឹងអ្វីខ្លះ” “ Small Business Startup Kit”

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រសៀលថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៩ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានបើកសិក្ខាសាលា ស្តីអំពី “អ្នកចាប់ផ្តើមអាជីវកម្មដំបូង ត្រូវយល់ដឹងអ្វីខ្លះ” “ Small Business Startup Kit ” នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ក្រោមអធិបតីភាព  ឯកឧត្តម សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហសគ្រាសធុនតូច និងមធ្យម និងមីក្រូហិរញ្ញវត្ថុ ជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១  និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ។

លោកបណ្ឌិត  ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានសម្តែងនូវការស្វាគមន៍     យ៉ាងកក់ក្តៅចំពោះវត្តមានគណៈអធិបតី វាគ្មិនកិត្តិយស និងសិក្ខាកាមទាំងអស់ ដែលបានផ្តល់កិត្តិយសចូលរួមក្នុងសិក្ខាសាលាចែករំលែកដ៏មានសារៈសំខាន់ សម្រាប់អ្នកដែលមានបំណងចាប់ផ្តើមអាជីវកម្មដំបូង ដែលបានរៀបចំនៅសាកល  វិទ្យាល័យអាស៊ីអឺរ៉ុបនាថ្ងៃនេះ ដែលនឹងបានផ្តល់នូវគុណប្រយោជន៍យ៉ាងល្អប្រសើរ ដល់សាស្រ្តាចារ្យ និស្សិត អស់លោក លោកស្រីជាអាជីវករ និងសាធារណជន ដែលជាសិក្ខាកាមជាក់ជាពុំខានឡើយ។  

លោកបណ្ឌិត  ជា សុភាព បានមានប្រសាសន៍ថា នេះគឺជាកិត្តិយសថ្មីមួយទៀតសម្រាប់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានសហការជាមួយសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាចែករំលែកដ៏មានខ្លឹមសារនេះ។ លោកបណ្ឌិតសាកលវិទ្យាធិការ បានថ្លែងអំណរគុណចំពោះ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដែលបានជ្រើសរើសយកសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ធ្វើជាទីតាំងរៀបចំសិក្ខាសាលា។ លោកបណ្ឌិតសង្ឃឹមថា សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នឹងមានឱកាសសហការជាមួយ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដើម្បីរៀបចំកម្មវិធីផ្សេងៗបន្តទៀត ។

ឯកឧត្តម សុខ ខេង  អគ្គលេខាធិការ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នឹងរៀបចំសិក្ខាសាលាចែករំលែកនានាជារៀងរាល់ខែ ដោយជ្រើសរើស យកប្រធានបទល្អៗ និងអញ្ជើញវាគ្មិនប្រកបដោយជំនាញ សមត្ថភាព និងបទពិសោធន៍ ដើម្បីមកចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិក្ខាកាម ក្នុងគោលបំណងលើកស្ទួយសមត្ថភាពអាជីវកម្ម និងការបង្កើនមុខរបររបស់ប្រជាពលរដ្ឋកម្ពុជា សំដៅរួមចំណែកលើកស្ទួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋកម្ពុជា និងសេដ្ឋកិច្ចជាតិ។

ជាក់ស្តែងសិក្ខាសាលាស្តីអំពី “អ្នកចាប់ផ្តើមអាជីវកម្មដំបូងត្រូវយល់ដឹងអ្វីខ្លះ”  “Small Business Startup Kit ” នាថ្ងៃនេះ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានអញ្ជើញវាគ្មិនកិត្តិយស០៤រូបរួមមាន  ឯកឧត្តម សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហសគ្រាសធុនតូច និងមធ្យម និងមីក្រូហិរញ្ញវត្ថុ ជាអនុប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ជាអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា។ លោកឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងប្ញទ្ធីគ្រុប។ 

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខ្មែរហ្វោនដេសិន អឹប្រេហ្សល និង លោក ភួង វុទ្ធី អគ្គនាយកក្រុមហ៊ុន MRTS Consulting Ltd. ក្រោមការសម្របសម្រួលដោយ  ឯកឧត្តម សុខ ខេង  និងលោកបណ្ឌិត ម៉ា ប៊ុនសែនប្ញទ្ធី ។ឯកឧត្តម សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហសគ្រាសធុនតូច និងមធ្យម និងមីក្រូហិរញ្ញវត្ថុ ជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១  និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះវាគ្មិនកិត្តិយស បណ្តាដៃគូសហការរៀបចំ និងសិក្ខាកាមទាំងអស់ ដែលបានរួមសហការគ្នាធ្វើឲ្យសិក្ខាសាលាស្តីអំពី “អ្នកចាប់ផ្តើមអាជីវកម្មដំបូងត្រូវយល់ដឹងអ្វីខ្លះ”  “Small Business Startup Kit ” មានដំណើរការយ៉ាងរលូន ។

ឯកឧត្តម សុន គន្ធរ បញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុក “ វិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ” ដែលមានតួនាទីជំរុញកំណើនអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ហើយគោលដៅរបស់រាជរដ្ឋាភិបាល ការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការបញ្ចូលបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិត គឺសំដៅបង្កើនប្រសិទ្ធភាព ពង្រឹងភាពប្រកួតប្រជែង និងបង្កើនការងារ ដើម្បីកាត់បន្ថយភាពក្រីក្រ។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចជាវិស័យអាទិភាព។ កម្ពុជានឹងបោះជំហានទៅក្នុងដំណាក់កាលថ្មីមួយទៀត គឺឈានទៅសម្រេចឲ្យបានជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។ 

ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ – ២០២៥ និងគោលនយោបានជាតិស្តីអំពី មុខរបរ និងការងារ ឆ្នាំ២០១៥ – ២០២៥ ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់ ដែលអាចប្រកួតប្រជែងប្រសើរជាងមុន ជាមួយបណ្តាប្រទេសក្នុងតំបន់។ ដើម្បីសម្រេចឲ្យបានគោលដៅគោលនយោបាយជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧ -២០២៥ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងជំនាញ និងការអភិវឌ្ឍសេដ្ឋកិច្ច។

ជាការចូលរួមចំណែកពន្លឿនសេដ្ឋកិច្ចកម្ពុជា ឲ្យមានការអភិវឌ្ឍលឿនដូចបណ្តាប្រទេសនានា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ ផលិតផល១ ឆ្នាំ២០១៦ -២០២៦ ។ ហើយក្រសួងឧស្សាហកម្ម និងសិប្បកម្មក៏កំពុងរៀបចំគោលនយោបាយអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងផែនការអនុវត្តរយៈពេល៥ឆ្នាំ ឆ្នាំ២០១៩ -២០២៣ ដែលគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យមនេះ គឺជាមូលដ្ឋានគ្រឹះ និងជាត្រីវិស័យនាំកម្ពុជាឆ្ពោះទៅផ្សារភ្ជាប់វិស័យសហគ្រាសធុនតូច និងមធ្យម ទៅនឹងការ អភិវឌ្ឍឧស្សាហកម្ម។

ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ទាមទារចាំបាច់នូវកត្តាធនធានមនុស្ស កត្តាបច្ចេកវិទ្យា កត្តាច្បាប់ កត្តាហិរញ្ញវត្ថុ ជាមូលដ្ឋាន។ ដោយមើលឃើញនូវភាពចាំបាច់ខាងផ្នែកហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានគាំទ្រឲ្យ មានការបង្កើតធនាគារ សហគ្រាសធុនតូច និងមធ្យ (SMEs) ដែលមានដើមទុនចាប់ផ្តើមដំបូង ១០០លានដុល្លា ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម ឲ្យប្រែក្លាយជាឆ្អឹងខ្នង និងជាខ្សែសង្វាក់តម្លៃបន្ថែម នៃការអភិវឌ្ឍសេដ្ឋកិច្ច ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner