ជនមានពិការភាពទីទ័លក្រ ១គ្រួសារ នៅស្រុកព្រៃឈរ ទទួលបានផ្ទះមនុស្សធម៌ទី៧ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងព្រះនាគ មុនី មេគណខេត្ត នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៧ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសាលាគណខេត្ត ជូនដល់ជនមានពិការភាពទីទ័លក្រ ១គ្រួសារ ឈ្មោះ សុខ សុភាព អាយុ ៣៦ឆ្នាំ រស់នៅ ភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោក សុខ សុភាព ជាជនមានពិការភាព( ស្វិតជើងទាំង២ ពីកំណើត) ទីទ័លក្រ មានប្រពន្ធ និងកូនស្រី ប្រុស ២នាក់ (អាយុ ៦ឆ្នាំ និង ៣ឆ្នាំ) ក្នុងបន្ទុក។ ជិត៧ ឆ្នាំមកនេះ ជីវភាពគ្រួសារ ក្មួយប្រុស រស់នៅយ៉ាងលំបាកបំផុត ព្រោះគ្មានទុន គ្មានមុខរបរអ្វីច្បាស់លាស់ ហើយខ្លូនឯង ក៏ពិការ ថែមទាំងប្រពន្ធក៏មានជម្ងឺផ្លូវដង្ហើម មិនអាចជួយរកស៊ីបង្កើនចំណូលបានទៅទៀត សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្រោមផ្ទះរបស់អ្នកជិតខាងដែរ ។ ទោះជាយ៉ាងណាក្តី ជនពិការរូបនេះ ក៏នៅមានដីមួយកន្លែង ទំហំ ៥ម× ២២ម ដែលឪពុកក្មេកបានប្រគល់ឱ្យជាកម្មសិទ្ធិ។ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ ក្មួយ សុខ សុភាព ត្រូវជិះរទេះបង្វិលដៃទាំង ២ ដើររើសសំបកដប អេតចាយ ចម្ងាយ ៧ គ.ម ពីផ្ទះ រៀងរាល់ថ្ងៃ បានកម្រៃប្រចាំថ្ងៃ ប្រមាណ ពី ១០,០០០ រៀល ទៅ ១៥,០០០ រៀល គ្រាន់ចិញ្ចឹមប្រពន្ធ និងកូនតូចកំសត់ទាំង ២នាក់ ។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ ៤ម×៦ម ) ១ខ្នង តម្លៃ ៩,៨០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា រួមជាមួយ សាលាគណ អនុសាខាស្រុក ចៅអធិការវត្ត និងសប្បុរសជន ជូនគ្រួសារ ក្មួយប្រុស សុខ សុភាព សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារ ក្មួយប្រុស សុខ សុភាព សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ១០០គ.ក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ៨, ម៉ាស់ ៥០បន្ទះ , សម្ភារផ្ទះបាយ និងថវិកា ២០០,០០០រៀល ។ ជាមួយនោះ អនុសាខាស្រុក និងសាលាអនុគណស្រុក ឧបត្ថម្ភបន្ថែមថវិកា ៤០០,០០០ រៀល ។

ដោយឡែក លោកតា លោកយាយ ដែលអញ្ជើញចូលរួមជាសាក្សី ក្នុងពិធីប្រគល់- ទទួលផ្ទះថ្មីនេះ ចំនួន ១៨នាក់ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុងម្នាក់ ៗ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០រៀល ផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner