ភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលីត្រូវបានរំពឹងថា នឹងបន្តការគំរាមកំហែងកាន់តែខ្លំាងក្លា ខណៈសីតុណ្ហភាពចាប់ផ្តើមកើនឡើងខ្ពស់ជាង៤០អង្សាសេ
អូស្រ្តាលី៖ ភ្លើងឆេះព្រៃប្រមាណ១០០កន្លែងបាននិងកំពុងកើតមាននៅតំបន់ឆ្នេរខាងកើតនៃប្រទេសអូស្រ្តាលី ហើយអ្វីដែលគួរឲ្យបារម្ភនោះ គឺស្ថានការណ៍អាចកាន់តែអាក្រក់ធ្ងន់ធ្ងរថែមទៀតក្នុងសប្តាហ៍នេះ នៅពេលដែលសីតុណ្ហភាពចាប់ផ្តើមកើនឡើងខ្ពស់ដល់៤០អង្សាសេ ។

ឆ្លើយតបនឹងបញ្ហានេះ ភ្នាក់ងារពន្លត់អគ្គីភ័យរាប់ពាន់នាក់កំពុងត្រៀមលក្ខណៈសម្រាប់ការកើនឡើងសីតុណ្ហភាព ដែលនឹងអាចធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃនៅតាមតំបន់ភាគខាងកើតអូស្រ្តាលីកាន់តែអាក្រក់ឡើងៗថែមទៀត ។ បន្ថែមលើនេះ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យប្រមាណជាង២.០០០នាក់ ដែលកំពុងតែបំពេញប្រតិបត្តិការយ៉ាងសស្រាក់សស្រាំក៏កំពុងចាត់វិធានការចាំបាច់ផ្សេងៗ ដើម្បីព្យាយាមកាត់បន្ថយហានិភ័យផងដែរ ។

សូមបញ្ជាក់បន្ថែមថា ភ្លើងឆេះព្រៃនៅភាគខាងកើតប្រទេសអូស្រ្តាលីបានបណ្តាលអោយមនុស្សយ៉ាងហោចណាស់០៦នាក់ហើយបាត់បង់ជីវិត ហើយថែមទំាងបានបំផ្លាញលំនៅឋានប្រមាណជាង៦៨០ខ្នង និង ឆាបឆេះផ្ទៃដីសរុបលើសពី១លានហិកតា គិតចាប់តាំងតែពីពួកវាបានកើតឡើងកាលពីខែវិច្ឆិកាកន្លងទៅ ៕ធ.ដ

