ជប៉ុនអះអាងថា នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះកូរ៉េខាងជើង ក្រោយទីក្រុងព្យុងយ៉ាងទើបបាញ់សាកល្បងដ៏ធំថ្មីមួយ
ជប៉ុន៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទនេះបានលើកឡើងថា ខ្លួនបាននឹងកំពុងតាមដានយ៉ាងជិតដល់បំផុតចំពោះសកម្មភាពរបស់កូរ៉េខាងជើង បន្ទាប់ពីរដ្ឋកុម្មុយនីស្តដ៏ឯកោមួយនេះ បានប្រកាសពីជោគជ័យក្នុងការធ្វើតេស្តដ៏សំខាន់មួយនៅឯមូលដ្ឋានបាញ់បង្ហោះផ្កាយរណប សូហេ ស្ថិតនៅតំបន់ តុងឆាងរី ក្នុងខេត្ត ព្យុងហ្គាន ខាងជើង ។

សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា រដ្ឋាភិបាលក្រុងតូក្យូជឿជាក់ថា ការបាញ់សាកល្បងចុងក្រោយនេះរបស់កូរ៉េខាងជើង ទំនងជាមានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍមីស៊ីលបាលីស្ទិក ហើយបើតាមមន្រ្តីជប៉ុនមួយរូបមកពីក្រសួងការពារជាតិក្នុងលក្ខខណ្ឌមិនបញ្ជាក់ឈ្មោះ បានបញ្ជាក់ទៀតថា ទីក្រុងព្យុងយ៉ាងអាចនឹងកំពុងតែខិតខំព្យាយាមបង្កើនសមត្ថភាព គ្រាប់មីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួនអោយកាន់តែខ្លំាងក្លាបន្ថែមទៀត ។

ការកត់សម្គាល់បែបនេះរបស់ជប៉ុនបានកើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យបណ្ឌិតសភាវិទ្យាសាស្រ្តការពារជាតិកូរ៉េខាងជើង បានបញ្ជាក់ថា ការធ្វើតេស្តពោរពេញដោយសារៈសំខាន់មួយ បានប្រព្រឹត្តទៅនៅមូលដ្ឋានបាញ់ផ្កាយរណប Sohae កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ហើយថា លទ្ធផលជោគជ័យនៃការធ្វើតេស្តខាងលើ នឹងមានឥទ្ធិពលខ្លាំងទៅលើការផ្លាស់ប្តូរគោលជំហរជាយុទ្ធសាស្រ្តរបស់កូរ៉េខាងជើង ៕ធ.ដ

