ឯឧ សុខ ប្រសិទិ្ធ៖ អង្គភាពសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ សិទ្ធិបុគល កេរ្តិ៍ឈ្មោះ ញុះញុងបង្កើតអំពើហិង្សា អសីលធម៌ ដែលធ្វើអោយបាត់បង់ស្ថិរ ភាពសង្គម បង្ករភាពអាណាធិបតេយ្យខុសច្បាប់ឡើយ
ភ្នំពេញ៖ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធជាផ្លូវការទីស្នាក់ការអង្គភាពសារព័ត៌មាន ឌឹមីរ័រញូស៍ នាព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិសុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៍មានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមខៀវ កញ្ញារិទ្ធ បានលើកឡើងថាអង្គភាពសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ សិទ្ធិបុគល កេរ្តិ៍ឈ្មោះ ជេរប្រមាថមាក់ងាយគេ ញុះញុងបង្កើតអំពើហិង្សា អសីលធម៌ ដែលធ្វើអោយបាត់បង់ស្ថិរ ភាពសង្គម បង្ករភាពអាណាធិបតេយ្យខុសច្បាប់ឡើយ។ ក្នុងនាមជាអង្គភាពសារព័ត៌មាន ឬជាអ្នកសារព័ត៌មាន ត្រូវអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួនឱ្យបាន ត្រឹមត្រូវ គោរពក្រមសីលធម៌ និងការប្រើប្រាស់សិទ្ធិសេរីភាពនេះអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិ យុត្តិជាធរមាន ។
ជាមួយគ្នានោះឯឧ រដ្ឋលេខាក្រសួងព័ត៍មានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសហការីទាំងអស់នៃអង្គភាពសារព័ត៌មានឌឺមីវរ័ញូស៍ (The Mirror News) គឺបានបង្ហាញពីការចូលរួមចំណែកក្នុងការអនុវត្ត សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្រោមដំបូលសន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះ និងការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ។
ក្នុងឳកាសនោះ ឯឧត្តម សុខ ប្រសិទ្ធិ តំណាងឯឧ រដ្ឋមន្ត្រីក្រសួងព័ត៍មាន សង្ឃឹមយ៉ាងមុតមាំថាអង្គភាពសារព័ត៌មានឌឺមីររញូស៍(The Mirror News) ក៏ដូចជាអង្គភាពសារព័ត៌មាន ផ្សេងទៀតនឹងខិតខំប្រឹងប្រែងក្នុងការផលិតព័ត៌មានដែលមានគុណភាព (ពិត ច្បាស់លាស់ និងរហ័ស) ជូនដល់ ប្រជាពលរដ្ឋ ព្រមទាំងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាមួយរាជរដ្ឋាភិបាល ដែលមាន ក្រសួងព័ត៌មានជាសេនាធិការទទួលបន្ទុកលើវិស័យសារព័ត៌មាន ។
លោក ហ៊ាង ប៊ុនថាស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន ឌីមីវ័រញូស៍ បានឲ្យដឹងថាក្នុងបេសកកម្មចុះយកព័ត៌មាន ប្រមូលព័ត៌មាន សំយោគព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានរបស់អង្គ ភាពព័ត៌មាន ឌីមីវរញូស៍ ប្តេជ្ញាគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ បទប្បញ្ញតិច្បាប់ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ក្រមសីលធម៌អ្នកសារព័ត៌មាន បទបញ្ញា កិច្ចសន្យា និងសេចក្តីណែនាំនានាពាក់ ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោរពអនុវត្តន៍ ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ «អ្នកសារព័ត៌មាន កុំ បំពានសិទ្ធិអ្នកដទៃ កុំបំភ្លការពិត» ។
នៅក្នុងឱកាសនោះ ឯកឧត្តម សុខ ប្រសិទ្ធិបាននាំយកថវិកាចំនួន២លានរៀលរបស់ឯកឧត្តម ខៀវ កាញរិទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវផ្តល់ជូនអង្គភាពព័ត៌មានឌីមីវរញូស៍ផងដែរ ៕ដោយ-រ៉ាវុធ














