គ្រោះអគ្គីភ័យដ៏អាក្រក់មួយនៅសហរដ្ឋអាមេរិក ផ្តាច់ជីវិតមនុស្ស ១៩នាក់ ក្នុងនោះមានកុមារ ៩នាក់
មនុស្សយ៉ាងហោច១៩នាក់បានស្លាប់ ក្នុងនោះមានកុមារ ៩នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នៅពេលគ្រោះអគ្គិភ័យឆាបឆេះអគារអាផាតធឺមិនមួយកន្លែងក្នុងទីក្រុងញូយ៉ក នៅថ្ងៃអាទិត្យម្សិលមិញ ខណៈអភិបាលរដ្ឋនេះបាននិយាយថា វាជាគ្រោះអគ្គីភ័យដ៏អាក្រក់បំផុតមួយនៅក្នុងសហរដ្ឋអាមេរិក។
បើតាមអាជ្ញាធរនៅក្នុងទីក្រុងញូយ៉ក មនុស្ស១៩នាក់ ក្នុងនោះមានកុមារ៩នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់ និង៦៣នាក់ទៀតរងរបួស ក្នុងនោះមានទាំងអ្នក រងរបួសធ្ងន់ផងដែរ។ ទន្ទឹមនេះ ក្រុមអ្នកពន្លត់អគ្គិភ័យយ៉ាងហោចណាស់ ២០០នាក់បានប្រយុទ្ធតស៊ូនឹងអណ្ដាតភ្លើងដែលបានឆាបឆេះជាន់ទី២ និងទី៣ នៃអគារអាផាតធឺមិនមានខ្ពស់ ១៩ជាន់ ស្ថិតនៅក្នុងតំបន់ Bronx កាលពីវេលាម៉ោងប្រហែលជាមុនម៉ោង១១៖០០នាទីព្រឹក កាលពីថ្ងៃអាទិត្យម្សិលមិញ រហូតដល់គ្រប់គ្រងស្ថានការណ៍បាន។
បើតាមសាក្សីនៅកន្លែងកើតហេតុ ពួកគេបានឃើញ និងបានឮសំឡេងអ្នកកំពុងជាប់នៅក្នុងអគារអាផាតធឺមិន ស្រែកហៅឱ្យគេជួយចេញពីបង្អួច នៅពេលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលអាជ្ញាធរអះអាងជាបឋមថា បង្កឡើងដោយឧបករណ៍កម្ដៅអេឡិចត្រូនិកមួយគ្រឿង៕ ប្រភព៖ CNA




