សហរដ្ឋអាមេរិកកំពុងស្វែងរកចម្លើយពីកាហ្សាក់ស្ថាន ជុំវិញតម្រូវការកងកម្លាំងដែលដឹកនាំដោយរុស្ស៊ី ដើម្បីដោះស្រាយភាពចលាចល

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន​ ថ្លែងថា ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងទន្ទឹងរង់ចាំការឆ្លើយតបពីមន្រ្តីកាហ្សាក់ស្ថាន ថាតើហេតុអ្វីបានជាពួកគេត្រូវហៅកងកម្លាំងសន្តិសុខដែលដឹកនាំដោយរុស្ស៊ី ដើម្បីជួយដោះស្រាយភាពចលាចលនៅក្នុងប្រទេសខ្លួន ដោយលោក ប្លីងខិន ក៏បានបរិហាលើបទបញ្ជាបាញ់សម្លាប់ពីសំណាក់រដ្ឋាភិបាលផងដែរ។

លោក ប្លីងខិន បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថា យើងមានសំណួរពិតប្រាកដ អំពីថាតើហេតុអ្វីបានជាពួកគេត្រូវហៅកងកម្លាំងសន្តិសុខដែលដឹកនាំដោយរុស្ស៊ី និងថា កាហ្សាក់ស្ថានគួរតែអាចដោះស្រាយការតវ៉ាដោយសន្តិវិធី… យើង​កំពុង​សុំ​ការ​បញ្ជាក់​អំពី​រឿង​នេះ។ ដោយឡែកកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងកម្មវិធី “This Week” របស់ទូរទស្សន៍ ABC លោក ប្លីងខិន ក៏បានបញ្ជាក់ដែរថា ការដាក់ចេញបទបញ្ជាបាញ់សម្លាប់ គឺជាកំហុស ហើយគួរតែត្រូវបានលុបចោលវិញ។

អាជ្ញាធរកាហ្សាក់ស្ថានបាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ពួកគេបានធ្វើឱ្យស្ថានការណ៍មានស្ថិរភាពនៅទូទាំងប្រទេស បន្ទាប់ពីការផ្ទុះឡើងនៃអំពើហិង្សាដ៏សាហាវបំផុតក្នុងរយៈពេល ៣០ឆ្នាំនៃការទទួលបានឯករាជ្យ ហើយកងទ័ពមកពីសម្ព័ន្ធមិត្តយោធាដឹកនាំដោយរុស្ស៊ីកំពុងយាមកាម “កន្លែងយុទ្ធសាស្ត្រ”។ រុស្ស៊ី​បាន​បញ្ជូន​ទ័ព​ទៅកាលពី​សប្តាហ៍​មុន ហើយ​រដ្ឋាភិបាល​កាហ្សាក់ស្ថាន​បាន​អនុញ្ញាត​អោយ​មានការបាញ់សម្លាប់ ​ដើម្បី​បំបាត់​ភាព​ចលាចល៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner