សារព័ត៌មាន CNN៖ រដ្ឋបាលលោក បៃដិន បានផ្តល់សិទ្ធិដោយស្ងាត់ៗមានទឹកប្រាក់ ២០០លានដុល្លារសម្រាប់ជំនួយសន្តិសុខថ្មីដល់អ៊ុយក្រែនកាលពីចុងខែធ្នូ ឆ្នាំមុន

វ៉ាស៊ីនតោន៖ សារព័ត៌មាន CNN រាយការណ៍ថា រដ្ឋបាលលោក ចូ បៃដិន បានអនុម័តដោយសម្ងាត់នូវជំនួយផ្នែកសន្តិសុខមានទំហំទឹកប្រាក់ ២០០លានដុល្លារបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន កាលពីចុងខែធ្នូ ឆ្នាំមុន។

កញ្ចប់ថវិកាសន្តិសុខចំនួន ២០០លានដុល្លារខាងលើនេះ ភាគច្រើនរួមមានឧបករណ៍យោធាដូចជាអាវុធធុនតូច គ្រាប់រំសេវ វិទ្យុសុវត្ថិភាព និងឧបករណ៍វេជ្ជសាស្ត្រ។ នេះបើតាមរបាយការណ៍ដោយដកស្រង់សម្តីមនុស្ស ០៤នាក់ដែលដឹងពីបញ្ហានេះ។ របាយការណ៍ដដែលនេះបានបន្ថែមថា សភាត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តរបស់សេតវិមាននៅដើមខែនេះ ប៉ុន្តែមន្ត្រីអាមេរិកផ្សេងទៀតបានរកឃើញអំពីបញ្ហានេះ តាមរយៈបណ្តាញដែលបានចាត់ថ្នាក់។ បើតាមរបាយការណ៍ដដែលនេះ ជំនួយសន្តិសុខថ្មីនឹងត្រូវចំណាយពេលមួយរយៈដើម្បីបញ្ជូនទៅប្រទេសអ៊ុយក្រែន។ របាយការណ៍ដដែល ដោយផ្អែកលើប្រភពពីជំនួយការសភាពីររូបបានបញ្ជាក់ថា រដ្ឋបាលលោក បៃដិន ចង់រក្សាទុកកញ្ចប់ថវិកាសន្តិសុខថ្មីនេះសិន មុនពេលកិច្ចពិភាក្សាសន្តិសុខរវាងអាមេរិក និងរុស្ស៊ី ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប្រភពមួយផ្សេងទៀតបានប្រាប់ CNN ថា ជំនួយផ្នែកសន្តិសុខចំនួន ២០០លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន គឺមិនទាន់គ្រប់គ្រាន់ក្នុងការទប់ស្កាត់ការកើនឡើង នៃការចោទប្រកាន់ណាមួយរបស់រុស្ស៊ីនោះទេ តែទោះជាយ៉ាងណា ទីក្រុងគៀវបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចង់បានជំនួយសន្តិសុខបន្ថែមទៀត ដែលលើសពីអាវុធការពារដែលសហរដ្ឋអាមេរិកកំពុងផ្តល់រួចហើយ។

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមប្រឹក្សារុស្ស៊ី និងអង្គការណាតូ ក៏គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខនៅក្នុងថ្ងៃពុធសប្តាហ៍នេះផងដែរ៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner