ប្រមុខអង្គការណាតូបញ្ជាក់ថា នឹងធ្វើអ្វីៗតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន
បរទេស៖អគ្គលេខាធិការអង្គការណាតូលោក ជេនស៍ ស្តូថែនបឺគ បញ្ជាក់ថា រាល់ការឈ្លានពានបន្ថែមទៀតដោយរុស្ស៊ីប្រឆាំងអ៊ុយក្រែន នឹងទទួលការតបស្នងវិញក្នុងតម្លៃនយោបាយ និងសេដ្ឋកិច្ចដ៏ខ្ពស់មួយ។
ការអះអាងបែបនេះរបស់លោក ជេនស៍ ស្តូថែនបឺគ ត្រូវបានធ្វើឡើងស្របពេលដែលតំណាងអង្គការណាតូ និងអ៊ុយក្រែនបានជួបពិភាក្សាគ្នានៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ កិច្ចពិភាក្សាដំណាលគ្នានេះក៏បានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ រវាងអាមេរិក និងរុស្ស៊ីផងដែរ។ លោក ស្តូថែនបឺគ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក អូហ្គា ស្តេហ្វេននីស្នីយ៉ា ថា អ៊ុយក្រែនគឺជាដៃគូដ៏មានតម្លៃ និងយូរអង្វែងរបស់អង្គការណាតូ និងថា សម្ព័ន្ធមិត្តណាតូត្រូវបានរួបរួមក្នុងការគាំទ្ររបស់ពួកគេសម្រាប់ប្រជាជាតិទាំងអស់ក្នុងការជ្រើសរើសផ្លូវដើររបស់ពួកគេផ្ទាល់។ លោកបន្ថែមថា នេះបានក្លាយជាគោលការណ៍គ្រឹះនៃសន្តិសុខអឺរ៉ុបអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និងថា នេះក៏ជាការឆ្លើយតបចំពោះរុស្ស៊ីដែលប្រឆាំងនឹងសេចក្តីប្រាថ្នារបស់ប្រទេសជិតខាងខ្លួន ក្នុងការចូលរួមក្នុងសម្ព័ន្ធភាពយោធាផងដែរ។ ។ នាឱកាសនោះដែរ លោកស្រី ស្តេហ្វេននីស្នីយ៉ា បានបញ្ជាក់ថា ការពិភាក្សាណាមួយអំពីអ៊ុយក្រែន ត្រូវតែមានតំណាងមកពីទីក្រុងគៀវ ហើយថា អ៊ុយក្រែនគឺជាប្រទេសប្រាថ្នាចង់បានរបស់ណាតូ ដែលគួរតែមានសេរីភាពក្នុងការជ្រើសរើសការរៀបចំសន្តិសុខផ្ទាល់ខ្លួន ដោយគ្មានសម្ពាធពីខាងក្រៅ។ លោកស្រីបានសង្កត់ធ្ងន់ថា ភាគីទាំងអស់ត្រូវតែធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីការពារការឈ្លានពានរបស់រុស្ស៊ីចូលទៅក្នុងអ៊ុយក្រែន។
គួរបញ្ជាក់ថា អង្គការណាតូ-រុស្ស៊ីគ្រោងនឹងអង្គុយចរចាគ្នានៅទីក្រុងព្រុចសែល នៅថ្ងៃទី ១២ ខែមករានេះ។ ជុំវិញកិច្ចពិភាក្សានេះដែរ លោក ស្តូថែនបឺគ បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា យើងនឹងស្តាប់ការព្រួយបារម្ភរបស់រុស្ស៊ី ប៉ុន្តែការសន្ទនាដ៏មានអត្ថន័យណាមួយ ក៏ត្រូវតែដោះស្រាយក្តីកង្វល់របស់យើង អំពីសកម្មភាពរបស់រុស្ស៊ីផងដែរ៕ ប្រភព៖ CGTN




