ប្រទេសចិនបញ្ជាក់ពីការគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២នេះ ក្នុងការជួយសម្របសម្រួលដោះស្រាយវិបត្តិផ្ទៃក្នុងនៅប្រទេសមីយ៉ាន់ម៉ា។ ការប្រកាសគាំទ្រនេះធ្វើឡើងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាកាលពីចុងសប្តាហ៍កន្លងទៅនេះ។ កាលពីថ្ងៃម្សិលមិញ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏បានប្រកាសពីជំហគាំទ្រសកម្មភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានហើយចូលរួមជួយដោះស្រាយបញ្ហានៅមីយ៉ាន់នេះផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វិនពីន( Wang Wenbin ) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា មីយ៉ាន់ម៉ា គឺជាសមាជិកនៃគ្រួសារអាស៊ាន ហើយប្រទេសចិនគាំទ្រអាស៊ានក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យបានត្រឹមត្រូវតាម “វិធីសាស្ត្រអាស៊ាន” និងការអនុវត្តកិច្ចព្រមព្រៀងចំណុចកុងសង់ស៊ីសទាំងប្រាំរបស់អាស៊ានយ៉ាងរលូនដែលស្ថិតក្នុងក្របខ័ណ្ឌអាស៊ាន។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានបញ្ជាក់ថា ចិនសូមកោតសរសើរចំពោះឆន្ទៈរបស់មីយ៉ាន់ម៉ាក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បេសកជនពិសេសអាស៊ានក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងការអនុវត្តកិច្ចព្រមព្រៀងចំណុចកុងសង់ស៊ីស៥ ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់មីយ៉ាន់ម៉ា។

អ្នកនាំពាក្យរូបនេះបានប្រាប់ទៅអ្នកកាសែតដែលចូលរួមថា ចិននឹងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលជាប្រធានប្តូរវេនអាស៊ាន ដើម្បីដើរតួនាទីយ៉ាងសកម្ម និងរួមចំណែកយ៉ាងសំខាន់ដល់ភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ ដោះស្រាយភាពខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ដើម្បីស្ដារស្ថិរភាព និងការអភិវឌ្ឍប្រទេសមីយ៉ានម៉ាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្នុងជំហរដូចគ្នានេះដែរ តាមរយៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ កាលពីថ្ងៃទី១០ខែមករាម្សិលមិល សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រក្នុងខេត្តបាត់ដំបង-សិរីសោភ័ណ ឯកឧត្តមបានបញ្ជាក់ចុងបញ្ចប់នៃសន្ទរកថារបស់ឯកឧត្តមពីការគាំទ្រសកម្មភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនហើយចូលរួមក្នុងការដោះស្រាយជម្លោះនៅប្រទេសមីយ៉ាន់ម៉ាដែលកំពុងញាំញីដោយដោយវិបត្តិ។

គួរបញ្ជាក់ថា សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ និងទី៨ ខែមករា ដើម្បីស្វះស្វែងបញ្ចប់វិបត្តិមីយ៉ាន់ម៉ា។ ប្រទេសនេះកំពុងជួបវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធាទម្លាក់លោកស្រី អ៊ុង សានស៊ូជី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានពណ៌នាថា ជាជោគជ័យនៃវគ្គដំបូងដោយលោកឧត្តមសេនីយ៍ មីន អោងឡាំង ដែលកំពុងកាន់អំណាចបញ្ជាក់ពីសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ គាំទ្រឱ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ និងព្រមទាំងធានាជួយសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner