កាកបាទក្រហមខណ្ឌចំការមននាំ យក អំណោយផ្តល់ជូនប្រជាពលរដ្ឋ ២៥គ្រួសារ
ភ្នំពេញ ៖លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែក ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងអ្នក រស់នៅជាមួយមេរោគអេដស៍ ចំនួន២៥គ្រួសារ មកពីសង្កាត់ទាំង ០៥ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក សួន សិទ្ឋី នាយករដ្ឋបាលខណ្ឌចំការមន បានអោយដឹងថា អំណោយដែលអនុសាខានាំយកនាពលនេះ ដោយក្នុង មួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ យួរ មី ១កេស ត្រីខ ៤កំប៉ុង ទឹកដោះគោ ២កំប៉ុង ស្ករស ២គីឡូក្រាម និងថវិកាមួយចំនួនផងដែរ ។
សកម្មភាពមនុស្សធម៌ចុះចែកអំណោយដោយមិន ប្រកាន់និន្នាការនយោបាលនេះ ដឹកនាំដោយលោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាលខណ្ឌចំការមន លោក លោកស្រីអភិបាលរងខណ្ឌ ចៅសង្កាត់ទាំង៥ លោកនាយករដ្ឋបាលខណ្ឌ រួមជាមួយក្រុមការងារជាច្រើនអ្នកទៀត ។
ជាមួយគ្នានេះដែរ លោក ថេង សុថុល អភិបាល ខណ្ឌបានពាំនាំប្រសាសន៍សួរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ ន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ និងស្នើអោយប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននូវរាល់មុខសកម្មភាពខុសច្បាប់ផ្សេងៗ ដូចជាមុខសញ្ញា ដែលធ្វើសកម្មភាពក្មេងទំនើង ល្បែងស៊ីសង មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន មុខសញ្ញាចេញពីពន្ធនាគា ដើម្បីមានវិធានការទប់ស្កាត់កុំអោយជនទាំងនោះបង្កអសន្តិសុខក្នុងមូលដ្ឋាន ។ ការផ្តល់ព័ត៌មានដល់អាជ្ញាធរ សមត្ថកិច្ច គឺមានន័យថា បងប្អូនពិតជាមានឆន្ទៈ ក្នុងការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» អោយមានប្រសិទ្ធិភាព ៕





