មន្ទីរព្យាបាលធ្មេញបស្ចិម ប្រារព្ធខួបគម្រប់២០ឆ្នាំនៃការ ផ្តល់សេវាសុខភាពមាត់ធ្មេញគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ ៖ មន្ទីរព្យាបាលធ្មេញបស្ចិម ប្រារព្ធខួបគម្រប់២០ឆ្នាំ នៃកា ផ្តល់សេវាសុខភាពមាត់ធ្មេញគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជាជាមួយនឹងការបរិភោគអាហារពេលល្ងាចរួមគ្នា (gala dinner) នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ។
លោកទន្តបណ្ឌិត ឡេង តុង ដែលជាសហស្ថាបនិកនៃមន្ទីរព្យាបាលធ្មេញបស្ចិម បានមានប្រសាសន៍ថា៖ “នៅពេលស្ថាបនិករបស់យើងបានរួមគ្នាបើកដំណើរការមន្ទីរព្យាបាលនេះកាលពី២០ឆ្នាំមុន យើងបានទទួល កម្លាំងចិត្តពីភាពប៉ិនប្រសប់របស់អ្នកជំនាញផ្នែកទន្តសាស្ត្រ នៅបណ្ដាប្រទេសលោកខាងលិច។ នៅពេល នោះហើយ ដែលយើងបានសម្រចចិត្តដាក់ឈ្មោះគ្លីនិករបស់យើងថា “បស្ចិម” ដែលសំដៅលើ លោកខាងលិច ព្រោះថាយើងមានបំណងពាំនាំយកការព្យាបាលមាត់ធ្មេញដែលមានលក្ខណៈស្តង់ដារខ្ពស់ដូចលោកខាងលិចមកកាន់ប្រទេសកម្ពុជាយើង។”
លោកទន្តបណ្ឌិត ឡេង តុង បានបន្តទៀតថា៖ “គន្លឹះនៃភាពជោគជ័យទាំងពេលនេះ និងទៅថ្ងៃអនាគតរបស់ យើងអាស្រ័យលើបុគ្គលិករបស់យើងទាំងអស់គ្នា ដែលមានតាំងពីទន្តពេទ្យ គិលានុប្បដ្ឋាយិកា អ្នកបច្ចេកទេស និងបុគ្គលិកអនាម័យផងដែរ ។
ជាមួយគ្នានេះ នាយិកាបស្ចិម អ្នកស្រី កឺក ណារី មានប្រសាសន៍ថា៖ “ដូចមន្ទីរពេទ្យព្យាបាលទូទៅដែរ គ្លីនិកធ្មេញគឺជាផ្នែក សំខាន់មួយរបស់សហគមន៍ ។ ពិសេសជាងនេះទៅទៀតនោះ បស្ចិមពិតជាមានមោទនភាពណាស់ដែលបានបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាង២ទសវត្សរ៍មកនេះ ហើយយើងសង្ឃឹមថានឹងរក្សាភាពជាដៃគូនេះឱ្យបានយូរអង្វែងទៅមុខទៀត។ វាគឺជាសំណាងដែលយើងបានព្យាបាល និងបង្កើតទំនាក់ទំនងជាមួយអតិថិជនរបស់យើង ហើយទទួលបានការជឿទុកចិត្តពីអតិថិជន និង បានបង្កើតមិត្តភាពយូរអង្វែងជាមួយ ពួកគេតាមរយៈទំនាក់ទំនងល្អ និងការយកចិត្តទុកដាក់របស់បុគ្គលិកយើង ។
សូមបញ្ជាក់ថា ៖ មន្ទីរព្យាបាលធ្មេញបស្ចិម គឺជាស្ថាប័នផ្ដល់សេវាកម្មទន្តសាស្ដ្រឈានមុខគេមួយនៅកម្ពុជា ដែលទទួលស្គាល់ដោយមនុស្សជាច្រើន ជាមួយសេវាកម្មដ៏ល្អ គុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត ។ បស្ចិមប្ដេជ្ញាចិត្តជួយអតិថិជនរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាមាត់ធ្មេញរបស់ពួកគេ តាមរយៈការផ្ដល់សេវាកម្មព្យាបាល ដែលមានគុណភាពខ្ពស់ ៕











