ភ្លើងឆេះផ្ទះ ស្លាប់ប្រពន្ធមានផ្ទៃពោះ និងកូនៗសរុប៦នាក់តុលាការកាត់ទោសជន សង្ស័យជាប្តី ដាក់គុកអស់១ជីវិត

ករណី​ភ្លើង​ឆេះ​ផ្ទះ នៅ​ស្រុក​បរិបូណ៌ ដែល​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​មួយ​គ្រួសារ សរុប​៦​នាក់ (​រាប់​ទាំង​កូន​នៅ​ក្នុង​ពោះ​ម្ដាយ​ម្នាក់​ទៀត​) បាន​ស្លាប់​នៅ​ក្នុង​ភ្នក់ភ្លើង កាលពី​យប់​ថ្ងៃ​ទី​៩ ឧសភា ២០២១​កន្លងមកនោះ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២​នេះ តុលាការខេត្ត​កំពង់ឆ្នាំង បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស ជនសង្ស័យ​ជា​ប្តី ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

ប្រភព​ពី​អង្គភាព​ការពារ​កុមារ ហៅ​កាត់ (CPU) បានអោយ​ដឹង​ថា នៅ​ព្រឹកថ្ងៃ​ពុធ​នេះ ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស និង​ក្រុមការងារ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​អង្គភាព​ការពារ​កុមារ បាន​ចូលរួម​នៅ​ក្នុង​បន្ទប់​សវនាការ នៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​ស្តាប់​ការ​ប្រកាស​សាលក្រម លើ​សំណុំរឿងឃា.តកម្ម​សម្លាប់​ប្រពន្ធ​(​មាន​ផ្ទៃពោះ​) និង​កូន​ៗ​ចំនួន ៤​នាក់​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២១ ដែល​ជាប់ចោទ​ជា​ប្តី មានឈ្មោះ ន​ន់ ចាន់​សា​រ៉េ​ត អាយុ​៣៩​ឆ្នាំ ។

ក្នុង​សវនាការ​ជំនុំ​ជម្រះក្តី លោក​ចៅក្រម អ៊ី ថាវរៈ បាន​មាន​ប្រសាសន៍​ថា “​បទល្មើស​ទាំងនេះ គឺ​ពោរពេញ​ដោយ​ភាព​ឃោរឃៅ និង​ព្រៃផ្សៃ ហើយ​សម​ស្រប​ជាមួយ​ទម្ងន់ទោស​ដែល​ខ្ពស់​បំផុត​” ដូច្នេះជនល្មើស​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ។ ទោស​​មួយ​ជីវិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​មាន​ន័យ​ថា ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​គ្មាន​ឱកាស​ទទួល​ការ​លើកលែងទោស ឬ​នៅ​ក្រៅ​ឃុំ​ឡើយ ។

សំណុំរឿង​នេះ ក៏​មាន​ភស្តុ​តាង​គ្រប់គ្រាន់ ដើម្បី​ដាក់បន្ទុក​លើ​ជនល្មើស ផង​ដែរ ដោយ​ក្រុមការងារ​ចម្រុះ នៃ​អង្គភាព​ការពារ​កុមារ សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​កម្ពុជា ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នាយកដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជា​បន្តបន្ទាប់​អស់​រយៈពេល​៣​ថ្ងៃ ដើម្បី​ប្រមូល​ភស្តុ​តាង ដែល​មាននៅ​កន្លែង​កើតហេតុ និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ឯកទេស​ផ្នែក​កោសល្យវិច័យ​សាកសព និង​ផ្នែក​អគ្គិភ័យ និង​សារធាតុ​ផ្ទុះ នៅ​ប្រទេស​អូស្ត្រាលី ។

លោក James McCabe នាយក​ប្រតិបត្តិ នៃ​អង្គភាព​ការពារ​កុមារ បាន​និយាយ​ថា “​ចាប់តាំងពី​យើង​បាន​ធ្វើ​កោសល្យវិច័យ​សាកសព និង​ពិនិត្យ​កន្លែង​កើតហេតុ យើង​បាន​យល់​ឃើញ​ថា មាន​ចំណុច​គួរ​អោយ​សង្ស័យ​ជា​ច្រើន និង​ស្ថានភាព​កន្លែង​កើតហេតុ គឺ​មិន​សម​ស្រប​នឹង​ចម្លើយ​របស់​ជនសង្ស័យ​ទេ ដែល​ដំបូង​ឡើយ ប្តី​រួច​ផុត​ពី​ភ្លើង​ឆេះ​ផ្ទះ បាន​ប្រាប់​ថា មូលហេតុ​ផ្តើម​ចេញពី​ការ​ឆ្លង​ចរន្តអគ្គិសនី​” ។

លោក​បាន​បន្ត “​ការ​បាត់បង់​ជីវិត​របស់​កុមារ​ជា​ច្រើន​នាក់​បែប​នេះ គឺជា​ទ​ង្វើ​ដ៏​ឃោរឃៅ​មួយ និង​សូម​ថ្លែងអំណរគុណ​ទៅ​ដល់​អ្នក​ទាំងអស់​គ្នា ដែល​បាន​ជួយ​ក្នុង​ការ​ស៊ើបអង្កេត​មួយ​នេះ យើង​អាច​ប្រ​ម៉ូ​ល​ភស្តុ​តាង ដាក់បន្ទុក​ទៅ​លើ​ជនល្មើស ដោយ​មិន​អាច​ប្រកែក​បាន​” ។

លោក​បាន​និយាយ​បន្ថែម “​នេះ​គឺជា​ការ​បំពេញ​តួនាទី​ដ៏​អស្ចារ្យ​មួយ​ដោយ​មន្ត្រី​នគរបាល​ខេត្តកំពង់ឆ្នាំង និង​ក្រសួងមហាផ្ទៃ ដែល​បាន​ធ្វើ​អោយ​ប្រាកដ​ថា កុមារ​រង​គ្រោះ និង​ម្តាយ​របស់​ពួក​គេ បាន​ទទួល​នូវ​យុត្តិធម៌​” ។

គួរ​រម្លឹក​រឿងរ៉ាវ​ខាងលើ​ឡើង​វិញ​ថា «​អគ្គិភ័យ​ឆេះ​ផ្ទះ​កាល​យប់មិញ យក​ជីវិត​មនុស្ស​អស់​៦​នាក់​» មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ រួម​ទាំង​កូន​តូច​ៗ​ចំនួន​៤​នាក់​ទៀត ដែល​មាន អាយុ​៩​ឆ្នាំ​ម្នាក់ និង​កូនភ្លោះ ២​នាក់ មាន​អាយុ​៧​ឆ្នាំ បាន​ស្លា​.​ប់​ក្នុង​ភ្នក់ភ្លើង​យ៉ាង​អាណោចអាធ័ម ។

«​ប្តី​រួច​ផុត​ពី​ភ្លើង​ឆេះ​ផ្ទះ មិន​ព្រម​និយាយ​អ្វី​ទាំងអស់ ករណី​អគ្គិភ័យ​ផ្តាច់ជីវិត​មួយ​គ្រួសារ (​កូន​តូច​ៗ រួម​ទាំង​ម្ដាយ​និង​ទារក​ក្នុង​ផ្ទៃ​)» ដោយសារ​តែ​រួចខ្លួន​តែ​ប្ដី​ម្នាក់ឯង នៅ​ពេល​នោះ សមត្ថកិច្ច​ចម្រុះ​មក​ពី​ក្រសួងមហាផ្ទៃ រួម​ទាំង​ប៉ូ​លី​ស​អន្តរជាតិ និង​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង បាន​និង​កំពុង​បើក​ការ​ស្រាវជ្រាវ ប៉ុន្តែ​ប្តី មិន​ព្រម​និយាយ​អ្វី​ទាំងអស់ ។

លោក​ឧត្តមសេនីយ៍ត្រី ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា​នេះ​ថា ក្រោយ​ការ​សាកសួរ​បុរស​ឈ្មោះ នួន សា​រ៉េ​ត ដែល​ត្រូវជា​ប្ដី នៅ​មិន​ទាន់​បាន​ចម្លើយ​ជាក់លាក់​នៅឡើយ​ទេ ទើប​សមត្ថកិច្ច​នគរបាល​បាន​នាំ​បុរស​រូប​នោះ មក​បន្ត​ការ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទៀត ជុំវិញ​ការ​ស្លា​.​ប់រប​ស់ជន​រង​គ្រោះ សរុប​ចំនួន​៦​នាក់ ។

លោកស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង ក៏​បាន​បន្ថែម​ដែរ​ថា ពេល​កើតហេតុ បុរស​ជា​ប្តី គឺ​មិន​នៅ​ក្នុង​បន្ទប់ទឹក ដាច់​ដោយឡែក​នៅ​ខាងក្រោយ​ផ្ទះ​នោះ​ឡើយ គឺ​ពិតជា​នៅ​ក្នុង​ហេតុការណ៍ នៃ​អគ្គិភ័យ​នោះ​តែ​ម្តង ។ ធ្វើ​ឲ្យ​មានការ​សង្ស័យ​ជា​ខ្លាំង​លើ​បុរស​ជា​ប្តី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ។

«​មិន​ទាន់​ស្ងប់​ទេ​! អង្គភាព​ចម្រុះ កំពុង​ស៊ើបអង្កេត​ករណី​ឆេះ​ស្លា​.​ប់​ស្ត្រី​មាន​ផ្ទៃពោះ​និង​កូន​ៗ សរុប​ដល់​ទៅ​៦​នាក់​» នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០២១​នេះ ក្រុមការងារ​ចម្រុះ​មួយ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​អគ្គិភ័យ​នៅ​ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ច​ចម្រុះ​រួម​មាន​អង្គភាព​ការពារ​កុមារ ហៅ​កាត់ (CPU) សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង និង​នាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួងមហាផ្ទៃ បាន​រួម​គ្នា​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​អគ្គិភ័យ ដែល​បង្ក​អោយ​ក្មេង​៤​នាក់ បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឧប្បត្តិ​ហេតុនេះ ។

តាម​ប្រភព​ព័ត៌មាន ដែល​ទទួល​បាន​ពី​លោក ឈុំ សាំ ជំទប់​ទី​មួយ​ឃុំ​ខុន​រ៉​ង់ បាន​ឲ្យ​ដឹង​ថា គ្រួសារ​រង​គ្រោះ​ខាងលើ​មាន​ប្រពន្ធ​ឈ្មោះ សៀន សុខ​ជា អាយុ ៣៨​ឆ្នាំ (​មាន​ផ្ទៃពោះ​) ចំណែក​ប្ដី​មានឈ្មោះ ន​ន់ ចាន់​សា​រ៉េ​ត អាយុ​៣៩​ឆ្នាំ កូនច្បង​ឈ្មោះ សេង រក្សា អាយុ​៩​ឆ្នាំ​, កូន​ទី​២​ឈ្មោះ សេង ជីវ​ន្ត័ អាយុ​៧​ឆ្នាំ​, កូន​ទី​៣​ឈ្មោះ សេង ជីវ៉ា អាយុ​៧​ឆ្នាំ (​ទី​២​និង​ទី​៣​ជា​កូនភ្លោះ​) និង​កូន​ទី​៤ ឈ្មោះ ឡុ​ង ចំរើន អាយុ​៣​ឆ្នាំ (​ប្រុស​ទាំង​៤) ។ គ្រួសារ​នេះ​មានមុខ​របរ​លក់​ខោអាវ​ជជុះ ចំណែក​ផ្ទះ​ដែល​ភ្លើង​ឆាបឆេះ​មាន​ទំហំ ៥​គុណ​នឹង ៨​ម៉ែត្រ ធ្វើ​អំពី​ដែក ប្រក់​និង​បាំងជញ្ជាំង​ស័ង្កសី ។

លោក​ជំទុប​ទី​១ បានអោយ​ដឹង​ថា លោក​មិន​បានដឹង​ពី​មូលហេតុ​នោះ​ទេ ប៉ុន្តែ​ពេល​អគ្គិភ័យ​កើតឡើង​បាន​ឆក់​យក​ជីវិត​ស្ត្រី​ជា​ម្ដាយ និង​កូន​៤​នាក់ ។ ក្នុង​ពេល​កើតហេតុ បុរស​ជា​ឪពុក គេច​រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់ និង​បាន​សន្លប់ មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ដោយសារ​តែ​ស្លុតចិត្ត​ខ្លាំង​ពេក ។

ដោយឡែក​លោក ជាង សុ​វ​ណ្ណា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​បរិបូណ៌ បាន​បញ្ជាក់​ថា ពេល​អគ្គិភ័យ​កើតឡើង មាន​រថយន្ត​របស់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​បាន​ចេញ​ប្រតិបត្តិការ​ជួយ​ពន្លត់ ប៉ុន្តែ​ពេល​ទៅ​ដល់ មនុស្ស​បាន​ស្លា​.​ប់​នៅ​ក្នុង​ភ្លក់​ភ្លើង​៥​នាក់​ទៅ​ហើយ ៕

ads banner