អនុរដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស ប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២

ភ្នំពេញ៖ អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោកជំទាវ អាម៉ាន់ដា មីលលីង (Amanda Milling) បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបានទន្ទឹងដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស ជាពិសេសលើផែនការសកម្មភាពអាស៊ាន-ចក្រភពអង់គ្លេស សម្រាប់ឆ្នាំ២០២២-២០២៦។

ការគាំទ្រនេះ បានធ្វើឡើងនៅក្នុងជួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅទីស្តីការក្រសួង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

ក្នុងអំឡុងពេលនៃជំនួប ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបជូនលោកជំទាវ អាម៉ាន់ដា មីលលីង អំពីអាទិភាពនានារបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្តដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន ការគ្រប់គ្រងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បញ្ហាដែលជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន។

ចំពោះការវិវត្តសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនលោកជំទាវ អាម៉ានដា មីលលីង អំពីគោលបំណងដ៏សំខាន់ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សេចក្តីប៉ងប្រាថ្នាតែ១គត់របស់កម្ពុជា គឺជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេច បាននូវសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង ហើយដើម្បីសម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងដំណើរការនៃកិច្ចចរចា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺដើម្បីបំបែកការជាប់គាំង សម្រាប់វឌ្ឍនភាពជាជំហានៗលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ ដំណើរការសន្តិភាពណាមួយក៏ដោយដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា និងធ្វើជាម្ចាស់ដោយមីយ៉ាន់ម៉ា។

លោកជំទាវ អាម៉ាន់ដា មីលលីង បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏រឹងមាំរបស់កម្ពុជាដល់ចក្រភពអង់គ្លេសក្នុងការក្លាយជាដៃគូសន្ទនារបស់អាស៊ាន។ លោកជំទាវ បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបានទន្ទឹងដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស ជាពិសេសលើផែនការសកម្មភាពអាស៊ាន-ចក្រភពអង់គ្លេស សម្រាប់ ឆ្នាំ២០២២-២០២៦។

លោកជំទាវ អាម៉ានដា មីលលីង បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាក់ សុខុន ដែលបានជម្រាបជូនលោកជំទាវអំពីអាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងអំពីបច្ចុប្បន្នភាពស្តីពីភាពស្មុគស្មាញនៃវិបត្តិមីយ៉ាន់ម៉ា។ លោកជំទាវ បានអះអាងជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រចំពោះមជ្ឈភាពអាស៊ាន និងបានទន្ទឹងដល់ការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចក្រភពអង់គ្លេសបន្ថែមទៀត៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner