ក្រសួងការងារប្រាប់ម្ចាស់រោងចក្រនិងសហគ្រាសផ្តល់ការឈប់សំរាកមួយថ្ងៃដល់កម្មករដើម្បីចាក់វ៉ាក់សាំងដូស ជំរុញ (Video Inside)
ក្រសួងការងារបានអនុញ្ញាតមួយថ្ងៃដល់កម្មករនិយោជិត ដើម្បីទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញក្នុង គ្រា ដែលកម្ពុជាកំពុងទប់ស្តាប់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង។
ការអនុញ្ញាតនេះ បានបញ្ជាក់តាមរយៈសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងការងារថ្ងៃទី១២ខែមករា ប្រាប់ម្ចាស់ឬនាយករោងចក្រ សហគ្រាសទាំងអស់ ក្នុងការអនុញ្ញាតឱ្យកម្មករនិយោជិត បានទៅចាក់វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំងដែល បានកំណត់ ព្រមទាំងផ្តល់នូវការឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួលនៅថ្ងៃដែលកម្មករនិយោជិតត្រូវ ចាក់វ៉ាក់សាំងដូសជំរុញនោះ។ សេចក្តីប្រកាសដដែលបានបន្តថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវតែ ជំរុញ បងប្អូនកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
ការសម្រុកចាក់វ៉ាក់សាំងដូសជម្រុញ ត្រូវគេឃើញថាបានទន្ទឹមនឹងកង្វល់របស់ពិភពលោកដែលកំពុងរងនឹង ការ ផ្ទុះឆ្លងខ្លាំងក្លានេះវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង។ សេចក្តីរាយការណ៍ពីទ្វីបអឺរ៉ុបថ្ងៃទី១២មករា នេះ បានបញ្ជាក់ថាក្នុងរយៈពេលចន្លោះពី៦ទៅ៨សប្តាហ៍ខាងមុខនេះ មនុស្សប្រមាណពាក់កណ្តាលនៃទ្វីបអឺរ៉ុប ទាំងមូលនឹងរងការឆ្លងនៃវីរុសបំប្លែងថ្មីអូមីក្រុង។ គួរបញ្ជាក់ថាក្នុងទ្វីបអឺរ៉ុប មានពលរដ្ឋចំនួនជាង៧៤៨លាននាក់ ។