កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ស៊ុន វង់ ដែលបានស្លាប់ដោយសារផ្ទុះគ្រាប់មីននៅស្រុកជាំក្សាន្តខេត្តព្រះវិហារ

កំពង់ធំ ៖ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាបាននាំយកថវិកានិងសម្ភារៈចូលរួមរំលែកទុក្ខជាមួយគ្រួសារសព លោក ស៊ុន វង់ ជាមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីនដែលបានស្លាប់ដោយសារផ្ទុះគ្រាប់មីននៅស្រុកជាំក្សាន្តខេត្តព្រះវិហារកាលពីថ្ងៃទី១០ ខែមករានេះ នៅភូមិក្បិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ។

នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយនិងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ហើយចំពោះមរណភាពរបស់យុទ្ធជនគឺជាការបាត់បង់ដ៏ធំធេងនូវ ឧត្តមស្វាមី បិតា ជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះ លោកស្រី និងកូនៗ ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់យុទ្ធជនកម្ពុជាដ៏ឆ្នើម ដែលបានបំពេញការងារមនុស្សធម៌ ជាច្រើនឆ្នាំកន្លងមកនេះ និងបានសង្គ្រោះជីវិតមនុស្សជាច្រើននាក់ ឲ្យរួចផុតពីការគំរាមកំហែងដោយសារមីន ពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តមបានបន្តថាស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះកាកបាទក្រហមកម្ពុជាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ យុទ្ធជន ស៊ុន វង់ បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងនាមគ្រួសារសពនាងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែយកចិត្តទុកដាក់និងអាណិតអាសូរដល់ជនរងគ្រោះដោយសារមីននិង សំណល់ជាតិផ្ទុះពីសង្រ្គាមព្រមទាំងតែងតែជួយឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ ។ ក្នុងការចុះសួរសុខទុក្ខដល់គ្រួសារសពកាកបាទក្រកម្ពុជាបាននាំយកផ្តល់ជូននូវថវិកា ១០លានរៀលនិងសម្ភារៈមួយចំនួនផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner