បិទផ្សាយបញ្ជីបោះឆ្នោតដំបូង៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានបណ្តឹង២៦

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹថា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ទូទាំងប្រទេស បានទទួលពាក្យបណ្តឹងសរុបចំនួន២៦បណ្តឹង ដែលសុទ្ធសឹងតែជាពាក្យបណ្ដឹងតវ៉ា ដោយឡែកនៅថ្នាក់ គ.ជ.ប និងនៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់ទទួលបានពាក្យបណ្ដឹងណាមួយឡើយ។

គ.ជ.ប បានបន្តថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២១ មាន៣ដំណាក់កាល រួមមាន៖
-ការដាក់ ការទទួលពាក្យបណ្តឹងនៅ កបឃ.ស មានរយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងការដោះស្រាយពាក្យបណ្តឹងមានរយៈពេល៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
-ការដាក់ ការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ កបឃ.ស និងការដោះស្រាយពាក្យបណ្តឹងរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
-ការដាក់ ការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ គ.ជ.ប និងការដោះស្រាយពាក្យបណ្តឹង រយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner