សិស្សម្នាក់ឆ្លង«អូមីក្រុងក្នុងចំណោមគ្រូនិង សិស្ស ៩នាក់ វិជ្ជមានកូវីដ-១៩ នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី១
រកឃើញករណី វិជ្ជមានកូវីដ-១៩ នៅសាលាបញ្ញាសាស្ត្រអន្តរជាតិ លើលោកគ្រូម្នាក់ និងសិស្ស ៨នាក់ទៀត សរុប០៩នាក់ ក្នុងចំណោមអ្នកវិជ្ជមាននោះ មានសិស្សម្នាក់ គឺប្រភេទវីរុសបំប្លែងថ្មី អូមីក្រុង នេះបើយោងតាមលិខិតរបស់សាលា ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដែលគេចែកចាយតាមរយៈបណ្ដាញតេឡេក្រាម ។
លិខិតរបស់នាយកសាលាស្តីទី លោក ទុំ វណ្ណៈ បានគោរពជូនលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌសែនសុខ ស្តីពីករណីគ្រូ និងសិស្ស មានករណី វិជ្ជមាន វីរុសកូរីដ-១៩ របស់សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី១ មានទីតាំងស្ថិត នៅអាគារលេខ៣៣៧៣ ផ្លូវលេខ១០ បុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សាលា ទទួលដំណឹងពីអាណាព្យាបាលសិស្ស កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ដូច្នោះហើយ សាលាបានធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់គ្រូ និងសិស្សមធ្យមសិក្សា ដែលមកបង្រៀន និងរៀន ក្នុងថ្នាក់ទាំងអស់ ចំនួន ១៩៧នាក់ (ស្រី៩៥នាក់) ក្នុងនោះទទួលបានលទ្ធផល ៖ គ្រូ និងសិស្ស សរុប៩នាក់ «វិជ្ជមាន» ក្នុងនោះមានសិស្សម្នាក់ ជាករណីបំប្លែងថ្មី អូមីក្រុង ហើយសិស្សរូបនោះ កំពុងសម្រាកព្យាបាល នៅស្តាតអូឡាំពិក ។
បន្ទាប់ពីបានរកឃើញថា មានគ្រូ និងសិស្ស ឆ្លងវីរុសកូវីដ-១៩ ខាងសាលា ក៏សម្រេចឲ្យគ្រូ និងសិស្សសម្រាកព្យាបាល និងរៀនតាមអនឡាញ រហូតបានជាសះស្បើយ ហើយថ្នាក់ដែលសិស្សមាន វីរុសកូវីដ-១៩ ទាំងអស់ ត្រូវប្តូរមករៀនតាមប្រពន្ធអេឡិត្រូនិកវិញ រយៈពេល ២សប្តាហ៍ ៕