ខេត្តព្រះវិហារ បានគ្របដណ្តប់ដោយភាពត្រជាក់ខុសពីធម្មតា ធ្វើឲ្យមន្ត្រីប្រចាំការ និងកងកម្លាំងការពារប្រាសាទ ទទួលរងនូវភាពរងារជាពន់ពេក !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ នៅលើកំពូលភ្នំ នៃរមណីដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ និងនៅតាមបណ្តោយជួរភ្នំដងរែក ដែលជាភ្នំខ័ណ្ឌចែកទឹកដីជាពីរ រវាងកម្ពុជា-ថៃ ត្រូវគេមើលឃើញថា បានគ្របដណ្តប់ទៅដោយស្បៃងងឹត ពីការចុះអ័ព្ទបែកផ្សែង ចាប់តាំងពីព្រលឹមស្រាងៗនោះមក នាប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ស្របពេលដែលកម្ពុជា កំពុងរងឥទ្ធិពល នៃភាពត្រជាក់ខ្លាំងនេះ ផងដែរ។

ភាពត្រជាក់ខ្លាំងខុសពីធម្មតានេះ បានញ៉ាំងឲ្យមន្ត្រីប្រចាំការ កម្លាំងការពារប្រាសាទ ក៏ដូចជា ប្រជាពលរដ្ឋដែលកំពុងរស់នៅជិតជួរភ្នំដងរែក និងតំបន់ប្រាសាទព្រះវិហារ បានរងនូវភាពរងារញាប់ញ័រយ៉ាងខ្លាំង បន្ទាប់ពីអាកាសធាតុបានធ្លាក់មកនៅត្រឹមកម្រិត ពី១០ ទៅ១១អង្សារសេ ជារៀងរាល់ថ្ងៃ នាច្រើនថ្ងៃកន្លងមកនេះ។ មន្រ្តីទទួលបន្ទុកព័ត៌មាន នៃអាជ្ញាធរជាតិព្រះវិហារ ប្រចាំការនៅលើខ្នងភ្នំប្រាសាទព្រះវិហារ លោក ចាន់ ឆន បានរាយការណ៍ថា នៅប៉ុន្មានថ្ងៃជាប់គ្នា រហូតមកដល់ថ្ងៃនេះ អាកាសធាតុបានចុះត្រជាក់ខ្លាំងខុសពីធម្មតា នៅតាមជួរភ្នំដងរែក នៃព្រំដែនកម្ពុជា-ថៃ ជាពិសេស នៅលើកំពូលភ្នំ និងនៅតំបន់ប្រាសាទព្រះវិហារ ដោយសីតុណ្ហភាព បានស្ថិតក្នុងចន្លោះពី១០-១១អង្សារសេ រហូតមកដល់ពេលថ្ងៃ សីតុណ្ហភាពអតិបរមា ស្ថិតក្នុងចន្លោះពី២៧-២៩អង្សារសេ។

លោកបន្តថា អ័ព្ទបានបន្តធ្លាក់ចុះ និងគ្របដណ្តប់មកលើតំបន់ទាំងនោះ ដោយមានលាយឡំជាមួយនឹងការធ្លាក់ខ្យល់ខ្លាំង ហើយនេះ បើប្រៀបធៀបរយះពេលដូចគ្នា កាលពីឆ្នាំ២០១៨កន្លងទៅ។ លោកថា នៅឆ្នាំកន្លងទៅ បើទោះបីជាប្រាសាទព្រះវិហារ និងតំបន់ជួរភ្នំដងរែក បានរងនូវភាពត្រជាក់យ៉ាងណាក៏ដោយ ក៏កងកម្លាំងការពារប្រាសាទ និងកងកម្លាំងជួរមុខ ក៏ដូចជាមន្រ្តីប្រចាំការលើខ្នងភ្នំ អាចស៊ូទ្រាំជំនះនឹងភាពត្រជាក់នេះបាន ដោយសារពួកគេអាចដុតភ្លើងកម្តៅបាន ប៉ុន្តែ នៅក្នុងពេលនេះមិនអាចដុតភ្លើងកម្តៅបានទេ ដោយសារតែអាកាសធាតុចុះត្រជាក់ ហើយមានធ្លាក់ខ្យល់ខ្លាំងថែមទៀតផង។

ដូច្នេះ ហើយទើបមិនអាចដុតភ្លើងកម្តៅ បង្ការភាពត្រជាក់នេះបានឡើយ ។ លោកបានបញ្ជាក់ថា បើទោះបីជាកងកម្លាំងការពារប្រាសាទព្រះវិហារ កងកម្លាំងការពារដែនអធិបតេយ្យភាព ព្រំដែនកម្ពុជា និងមន្ត្រី នៃអាជ្ញាធរប្រាសាទព្រះវិហារ ទទួលរងពីសម្ភាធបរិយាកាស នៃអាកាសធាតុចុះត្រជាក់ ខុសប្រក្រតីយ៉ាងណាក្តី ក៏កងកម្លាំងប្រដាប់អាវុធជួរមុខ មិនមានការព្រួយបារម្ភចំពោះសុខភាពនោះទេ ដោយសារមានអាវរងារ និងថ្នាំពេទ្យ សម្រាប់បង្ការ និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងរួចរាល់ហើយ ដែលអាវរងារ និងថ្នាំបង្ការទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរ បានផ្តល់ជូននៅមុនរដូវរងារឈានចូមមកដល់ កន្លងទៅថ្មីៗនេះ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន និងអំពាវនាវប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុធ្លាក់ចុះភាពត្រជាក់ខ្លាំង ដែលភាពត្រជាក់នេះ នឹងចាប់ផ្តើមពីថ្ងៃទី៥ធ្នូ រហូតដល់ថ្ងៃទី៩ធ្នូ២០១៩ ខាងមុខនេះ៕ធ.ដ

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner