ចិន​ប្រឆាំង​នឹង​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​របស់​សហរដ្ឋ​អាមេរិក​លើ​កូរ៉េខាងជើង

ប៉េកាំង៖ ប្រទេសចិនបានរិះគន់ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ដោយនិយាយថា ការចំណាត់ការនេះ គឺ “គ្មានប្រយោជន៍” ក្នុងការដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ ហើយនឹងធ្វើឱ្យអារម្មណ៍នៃការប្រឈមមុខកាន់តែពុះកញ្ជ្រោល។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិនតែងតែប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី ឬហៅថា យុត្តាធិការអាវុធវែងដោយប្រទេសណាមួយលើប្រទេសផ្សេងទៀតស្របតាមច្បាប់ក្នុងស្រុករបស់ខ្លួន។ ទន្ទឹមនេះ លោក វ៉ាង បានអំពាវនាវឱ្យភាគីពាក់ព័ន្ធត្រូវប្រយ័ត្នប្រយែងក្នុងពាក្យសម្ដី និងទង្វើរបស់ខ្លួន ហើយខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរក្សាស្ថិរភាពស្ថានការណ៍ និងកសាងទំនុកចិត្ត ហើយរួមគ្នាលើកកម្ពស់ការដោះស្រាយនយោបាយនៃបញ្ហាឧបទ្វីបនេះ។

លោក វ៉ាង បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីការប្រកាសរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​រដ្ឋបាល​លោក បៃដិន បាន​ដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​ព្យុងយ៉ាង។ ការ​ដាក់​ទណ្ឌកម្ម​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ជា​បន្តបន្ទាប់​ រួម​ទាំង​ពីរ​គ្រាប់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​មក។ កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានធ្វើការសាកល្បងដោយជោគជ័យនូវ “ការបាញ់តេស្តចុងក្រោយ” នៃមីស៊ីលលឿនជាងសំឡេងថ្មីមួយ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner