អត្តពលិកគុណល្បុក្កតោ បាននាំយកមេដាយ ២០គ្រឿង ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីន មកជូនកម្ពុជា
ក្រុមអត្តពលិកប្រតិភូថ្នាក់ដឹកនាំ កីឡាគុណល្បុក្កតោកម្ពុជាទាំង១៣រូប បានមកដល់មាតុប្រទេសវិញហើយ តាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នារាត្រីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១:៥៤នាទី ក្រោយដណ្តើមបានមេដាយ សរុប ២០គ្រឿង (មាស១,ប្រាក់២ និងសំរឹទ្ធ១៧គ្រឿង) មកជូនកម្ពុជា ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅប្រទេសហ្វីលីពីន ។

ដែលមានការទទួលស្វាគមន៍ ដំណើរនិវត្តន៍ពីសំណាក់ ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ឯកឧត្តម ចាន់ សារុន សមាជិករដ្ឋសភាជាតិ និងជាប្រធានសហព័ន្ធគុនល្បុក្កតោ រួមនឹងអស់លោកលោកស្រីជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុណល្បុក្កតោកម្ពុជា នឹងជាប្រធានប្រតិភូដឹកនាំ បានឲ្យដឹងថា សម្រាប់ការទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកនេះក្នុងការដណ្តើមមេដាយលើ វិញ្ញាសារក្បាច់គុណ Arnis កម្ពុជាមានផលវិជ្ជមានច្រើន ទោះមានពេលវេលាហ្វឹកហាត់តិចតួច ត្រឹមតែរយៈពេល៤ខែក៏ដោយ ។ លោកបានឲ្យដឹងទៀតថា ទោះប្រភេទវិញ្ញាសារមួយនេះកម្ពុជាមិនមែនជាម្ចាស់ក្បាច់គុណក៏ដោយ ប៉ុន្តែដោយមូលហេតុថា ក្បាច់គុណមួយនេះវាស្រដៀង នឹងគុណល្បុក្កតោកម្ពុជាដែលទើបធ្វើអោយអត្តពលិកយើងងាយស្រួលក្នុងការហ្វឹកហាត់ នឹងឈានទៅដណ្តើមបានមេជាច្រើនគឿង ជាពិសេសមេដាយមាស១គ្រឿងនេះតែម្តង ។

សូមបញ្ជាក់ថា អត្តពលិកប្រតិភូកីឡាគុណល្បុក្កតោ ដែលទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន សរុប១៣រូប អគ្គលេខាធិការម្នាក់ គ្រូបង្វឹក២នាក់ កីឡាករ៥នាក់ និងកីឡាការិនី៥នាក់ ៕ធ.ដ

