ប្រមុខការទូតអាមេរិកអះអាងថា ទីក្រុងវ៉ាស៊ីនតោនគ្មានចេតនាបង្កអរិភាពចំពោះរបបដឹកនាំរបស់លោក គីម ជុងអ៊ុន ឡើយ

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន បានធ្វើការអំពាវនាវជាថ្មីអោយកូរ៉េខាងជើង ចូលមកអង្គុយក្នុងតុសន្ទនាជាមួយសហរដ្ឋអាមេរិក ហើយលោកថែមទាំងបានអះអាងទៀតថា ប្រទេសរបស់លោកគ្មានចេតនាបង្កអរិភាពណាមួយចំពោះរបបដឹកនាំរបស់លោក គីម ជុងអ៊ុន ឡើយ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន MSNBC ប្រមុខការទូតអាមេរិករូបនេះបានគូសបញ្ជាក់ថា ខ្ញុំគិតថា ផ្នែកខ្លះនៃសកម្មភាពនេះ គឺកូរ៉េខាងជើងកំពុងព្យាយាមទាក់ទាញចំណាប់អារម្មណ៍… រឿងបែបនេះ ធ្លាប់បានកើតមានឡើងកាលពីមុន ហើយពួកគេក៏ទំនងជាបន្តធ្វើដូច្នេះទៀត។ លោក ប្លីងគែន បន្ថែមថា ការបាញ់សាកល្បងរបស់កូរ៉េខាងជើងបានបង្កអោយមានស្ថិរភាពយ៉ាងខ្លាំង… វាជារឿងគ្រោះថ្នាក់ ហើយវាបានបំពានទាំងស្រុងទៅលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការអត្ថាធិប្បាយខាងលើនេះរបស់លោក ប្លីងគែន បានកើតមានឡើងបន្ទាប់សហរដ្ឋអាមេរិក នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល ៥នាក់នៅកូរ៉េខាងជើង ដែលសុទ្ធសឹងតែជាអ្នកជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍអាវុធមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner