អគ្គលេខាធិការអង្គការអន្ដរជាតិហ្រ្វង់កូហ្វូនី ទស្សនកិច្ចរមណីយដ្ឋានអង្គរ
លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo)អគ្គលេខាធិការអង្គការអន្ដរជាតិ ហ្រ្វង់កូហ្វូនី (OIF) នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញធ្វើទស្សនកិច្ចផ្លូវការមកកាន់រមណីយដ្ឋានអង្គរ ក្នុងនោះលោកជំទាវបានទៅទស្សនាប្រាសាទបាយ័ន និងចុងក្រោយនៅប្រាសាទអង្គរវត្ត ។ ក្នុងដំណើរទស្សនកិច្ចលើទឹកដីប្រវត្តិសាស្ត្រសៀមរាប លោកជំទាវអគ្គលេខាធិការអង្គការអន្ដរជាតិ ហ្រ្វង់កូហ្វូនី បានចាប់អារម្មណ៍ទៅនឹងវិសាលភាពនៃរាជធានីអង្គរកាលសម័យបុរាណដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៦ពាន់គីឡូ ម៉ែត្រក្រឡា ។

តាមការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធី ដែលជាមគ្គុទ្ទេសក៍សម្រាប់គណៈប្រតិភូបានឲ្យដឹងថា លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏ចាប់អារម្មណ៍ទៅនឹងសំណង់ប្រាសាទជាច្រើនដែលត្រូវបានសង់នៅសម័យបុរាណ ក្នុងនោះលោកបានពន្យល់ផងដែរថា សំណង់ទាំងនោះគឺសម្រាប់អ្នកកសាងគោរពបូជាពេលនៅរស់ ហើយវាក្លាយជាទីឋានអាស្រ័យពេលអ្នកកសាងនោះស្លាប់ទៅ ។ បន្ថែមពីនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏បានធ្វើការស្វែងយល់អំពីចំនួនប្រជាជនរស់នៅតំបន់រមណីយដ្ឋានអង្គរ មធ្យោបាយដឹកជញ្ជូនថ្មសង់ប្រាសាទ បច្ចេកទេសកសាងផ្សេងៗទៀត ។

ក្នុងនោះលោកជំទាវក៏បានទៅស្វែងយល់ពីការដ្ឋានជួសជុលស្ពានហាលផងដែរ គឺការជួសជុលនៅទីនោះមិនមែនទើបតែមាននោះទេ ។ តាមឯកសារ ស្ពានហាលអង្គរវត្ត ធ្លាប់មានការជួសជុលច្រើនដងមកហើយនៅអតីតកាល រួមនិងសម័យបារាំង។
គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់លោកជំទាវអគ្គលេខាធិការអង្គការអន្ដរជាតិ ហ្វ្រង់កូហ្វនី ប្រព្រឹត្តិទៅក្នុងពេលដំណាលគ្នានឹងមហាសន្និបាតអភិបាលក្រុងនិយាយភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ហ្វ្រង់កូហ្វីនី ដ៏សំខាន់មួយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា លោកជំទាវបានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសមចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ឯកឧត្តម ប្រាក់ សុខុន និង ថ្នាក់ដឹកនាំមួយចំនួនទៀត៕ធ.ដ
ដោយៈ ម៉ី សុខារិទ្ធ



