យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី អង្គការបន្ទាយស្រី និងអង្គការអមរា ទទួលការគាំទ្រដោយអាជ្ញាធរមូលដ្ឋានភូមិឃុំ នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប អនុវត្តយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហឹង្សាលើស្រ្តី
សៀមរាប៖ លោកស្រី សុខសារ៉ាត់ ជំទប់ទី២នៃឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលើកបង្ហាញឲ្យដឹងនាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវត្តលលៃ ខណៈពេលដែលអង្គការបន្ទាយស្រី សហការជាមួយអង្គការអមរា ធ្វើសកម្មភាពយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហឹង្សាលើស្រ្តី ដោយបញ្ជាក់ថា៖ សកម្មភាពយុទ្ធនាការ ១៦ថ្ងៃ នៃការបំពាក់បូរពណ៌សនេះ គឺមានតម្លៃសម្រាប់ការចូលរួមកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ផែនការជាតិនារីរតនៈរបស់ក្រសួងកិច្ចការនារី នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ជំរុញឲ្យមានសមភាព និងសមធម៌យេនឌ័រនៅក្នុងសង្គម ដើមី្បកាត់បន្ថយរាល់ទម្រង់អំពើហិង្សាលើស្ត្រី និង ក្មេងស្រី ។

លោកស្រីអះអាងថា ៖ នៅក្នុងមូលដ្ឋានឃុំបាគង បើតាមការអង្កេតជាទូទៅ អំពើហឹង្សាក្នុងគ្រួសារត្រូវបានទប់ស្កាត់ ពុំមានរីករាលដាលទៅលើគ្រួសារថ្មីបន្ថែមទៀតទេ ក៏ប៉ុន្តែនៅមានគ្រួសារប្រជាពលរដ្ឋមួយចំនួនតូច ដែលធ្លាប់បង្កើតឲ្យមានអំពើហឹង្សាក្នុងគ្រួសារ មិនទាន់អាចកែលម្អបាន ហើយជនរងគ្រោះក្នុងវិបត្តិអំពើហឹង្សាក្នុងគ្រួសារទាំងនោះ ភាគច្រើនគឺស្រ្តីនិងកុមារ ។

លោកស្រី នូ សារឹម ដែលជាមន្រ្តីបណ្តុះបណ្តាលរបស់អង្គការអមរា បានលើកឡើងដែរថា ប្រធានបទនៃយុទ្ធនាការ១៦ថ្ងៃសម្រាប់ឆ្នាំ២០១៩នេះ គឺ ( រួមគិត រួមធ្វើ រួមដោះស្រាយ ដើមី្បបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺចាប់ផ្តើមពីខ្លួនអ្នក ) ។ យោងតាមប្រធានបទនេះ ក៏មានការរិះគន់ពីសំណាក់បុរសៗដែរ ដោយសារតែក្នុងសង្គមបច្ចប្បន្ន មានបុរសជាជនរងគ្រោះដោយអំពើហឹង្សាក្នុងគ្រួសារផងដែរ ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្រីទទួលស្គាល់ថា បុរសជាជនរងគ្រោះអាចមានក្នុងអត្រាប្រហែល ២០%ប៉ុណ្ណោះ ចំណែកឯស្រ្តីវិញដែលរងគ្រោះដោយអំពើហឹង្សាក្នុងគ្រួសារមានក្នុងអត្រាខ្ពស់ជាង ប្រហែលជា៨០% រួមទាំងកូនៗផងដែរ ដែលទទួលរងជាមួយវិបត្តិនោះ។

បទចម្រៀងមនោសញ្ចេតនាចំនួន៤បទ ដែលបង្ហាញអំពីទុក្ខសោករបស់ស្រ្តីរងគ្រោះក្រោមវិបត្តិនៃអំពើហឹង្សាក្នុងគ្រួសារ ត្រូវបានក្លាយជារបៀបវារៈនៃការពិភាក្សា ផ្តល់យោបល់សម្រាប់ការជួបជុំនៃសមាជិកសកម្មភាពយុទ្ធនាការនោះ ។ អ្នករៀបចំកម្មវិធីនេះ យល់ឃើញថា នេះគឺជាវិធីសាស្ត្រថ្មីមួយ ប៉ុន្តែសាមញ្ញបំផុត សម្រាប់បញ្ជៀបការអប់រំ និងស្ទាបស្ទង់កំរឹតយល់ដឹងដែលទទួលបានរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ប្រើប្រាស់វាគ្មិន ជាមួយនឹងបានបង្កបរិយាកាសរីករាយផងដែរ។

ការចូលរួមនៅក្នុងយុទ្ធនាការនេះ រួមមានបណ្តាញចលនាស្រ្តី អាជ្ញាធរមូលដ្ឋានភូមិឃុំ និងប្រជាពលរដ្ឋប្រមាណ ជិត២០០នាក់ ក្នុងនេះ ចំនួនបុរសចូលរួមមានប្រមាណជា ៤០នាក់ មកពី៦ឃុំ លើ៩ឃុំ របស់ស្រុកប្រាសាទបាគង ។ ជាទូទៅយុទ្ធនាការ១៦ថ្ងៃនេះ ចាប់ផ្តើមពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី១០ ធ្នូ ដែលចាត់ទុកបានថា ជាទិវាសាមគ្គីភាពរបស់បុរស ប្រឆាំងនឹងអំពើហិង្សាទៅលើស្ត្រី ដោយបានកំណត់ការបំពាក់បូរពណ៌ស ជាសញ្ញានៃការសន្យាថា បញ្ឈប់អំពើហិង្សាលើស្រ្តី និង ក្មេងស្រី ៕ធ.ដ
ដោយ ស៊ាន សុផាត



