ឯកឧត្តម ចៅ តុល ប្រកាសសាងសង់វិហារឥស្លាម២កន្លែង ចំណាយថវិកាជិត១លានដុល្លារ ដល់អ្នកគាំទ្រនៅស្រុកកោះធំ ខេត្តកណ្តាល

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល ៖ ឯកឧត្តម ចៅ តុល អនុប្រធានគណៈពង្រឹងអចិន្រ្តៃយ៍ស្រុកកោះធំ ខេត្តកណ្តាល បានប្រកាសផ្តល់វិហារឥស្លាម២កន្លែងទៀត នៅក្នុងឃុំចំនួនពីរ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ដោយចំណាយថវិកាជិត១លានដុល្លារ ដែលថវិកានេះគឺបានមកពីសប្បុរសជនម៉ាឡេស៊ី តាមរយៈអង្គការក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជា ។
វិហារឥស្លាមចំនួនពីរកន្លែង ដែលឯកឧត្តម ចៅ តុល ប្រកាសផ្តល់ជូននេះ គឺមួយស្ថិតនៅក្នុងឃុំកំពុងកុង ស្រុកកោះធំ ដោយចំណាយទឹកប្រាក់ចំនួន២៥ម៉ឺនដុល្លារ និងមួយកន្លែងទៀត ស្ថិតនៅភូមិចាមករោម ឃុំព្រែកថ្មី ស្រុកកោះកុង ខេត្តកណ្តាល ដោយចំណាយទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ។
ឯកឧត្តមអនុប្រធានក្រុមការងារបានបញ្ជាក់ថា អំណោយព្រះវិហារចំនួន២កន្លែងនេះ គឺជាការលើកទឹកចិត្តដល់បងប្អូនខ្មែរឥស្លាម ដែលលោកបានគាំទ្រនិងស្រឡាញ់គណបក្សប្រជាជនកម្ពុជា ជាពិសេស គឺគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក ហើយបងប្អូនខ្មែរឥស្លាមនៅក្នុងស្រុកកោះធំទាំងមូលនេះ ក៏មានការយកចិត្តទុក្ខពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ក៏ដូចជាអង្គការនានាដូចភ្លៀងរលឹមផងដែរ ។
ក្រៅពីចុះត្រួតពិនិត្យនូវទីតាំងសម្រាប់សាងសង់ព្រះវិហារថ្មី សម្រាប់បងប្អូនខ្មែរឥស្លាមទាំងពីរកន្លែងខាងលើនេះ ឯកឧត្តម ចៅ តុល ក៏បានចុះត្រួតពិនិត្យការសាងសង់សាលារៀន២កន្លែងទៀត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចុះត្រួតពិនិត្យនូវវិហារឥស្លាម ដែលកំពុងសាងសង់ដែលគ្រោង សម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលខាងមុខក្រោមអធិបតីភាពសម្តេចតេជោផងដែរ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner