ប្រមុខការទូតចិនថ្លែងថា ការរើងអើងជាឯកតោភាគី គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថេរភាពពិភពលោក
កូរ៉េខាងត្បូង៖ ការគំរាមកំហែងដ៏ធំបំផុតសម្រាប់សន្តិភាព និង ស្ថេរភាពរបស់ពិភពលោក គឺកើតចេញមកពីការរើសអើងជាឯកតោភាគី ដែលបាននិងកំពុងបំផ្លាញច្បាប់អន្តរជាតិនាពេលបច្ចុប្បន្ន និង ជាការបំបែកបំបាក់បទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ នេះបើតាមរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃពុធម្សិលមិញ ។
ការកត់សម្គាល់បែបនេះរបស់លោក វ៉ាង យី ត្រូវបានធ្វើឡើងស្របពេលជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោកស្រី កាង ក្យុងវ៉ា នាអំឡុងបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល និង គ្រោងជួបប្រធានា ធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ ។
ទន្ទឹមគ្នា កូរ៉េខាងត្បូងនិងចិនបានព្រមព្រៀងគ្នាថា នឹងបង្កើនការផ្លាស់ប្តូរមន្ត្រីការទូត និងវប្បធម៌ ដើម្បីធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរមានប្រក្រតីភាពទាំងស្រុង បន្ទាប់ពីមានការមិនសប្បាយចិត្តនឹងគ្នា អំពីការដាក់ពង្រាយប្រព័ន្ធប្រឆាំងកាំជ្រួចរបស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៧ ៕



