ប្រមុខការពារជាតិជប៉ុនទទួលស្គាល់ថា បច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើងកំពុងតែរីកចម្រើនឡើង
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Kishi Nobuo និយាយថា កូរ៉េខាងជើងបាននិងកំពុងធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន ដោយលោកសំដៅទៅលើការបាញ់សាកល្បងម្តងហើយម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក Kishi បានបញ្ជាក់ថា ការបាញ់បង្ហោះទាំងបួនលើករបស់កូរ៉េខាងជើងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គឺជាអត្រាសាកល្បងញឹកញាប់បំផុត ហើយថា ទីក្រុងព្យុងយ៉ាងបានបង្ហាញម្តងហើយម្តងទៀតថា ខ្លួនកំពុងបាញ់សាកល្បងមីស៊ីល ដោយយោងតាមផែនការអភិវឌ្ឍន៍អាវុធរយៈពេលប្រាំឆ្នាំដែលបានប្រកាសកាលពីខែមករា ដើមឆ្នាំមុន។ លោកបន្ថែមថា វាច្បាស់ណាស់ថា កូរ៉េខាងជើងកំពុងធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័ស និងជាលំដាប់នូវបច្ចេកវិទ្យាដែលពាក់ព័ន្ធ និងសមត្ថភាពប្រតិបត្តិការ។ លោក Kishi បានសំដៅទៅលើការកែលម្អភាពសម្ងាត់របស់កូរ៉េខាងជើង និងភាពរហ័សរហួនក្នុងការបាញ់បង្ហោះ ដែលនឹងធ្វើឱ្យពិបាកក្នុងការរកឃើញសញ្ញានៃការបាញ់បង្ហោះ ក៏ដូចជាការកែលម្អសមត្ថភាពរបស់ខ្លួន ក្នុងការអនុវត្តទម្រង់ចម្រុះនៃការបាញ់ និងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល។ ប្រមុខការពារជាតិជប៉ុនរូបនេះបានសង្កត់ធ្ងន់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កូរ៉េខាងជើងក្នុងបច្ចេកវិទ្យានុយក្លេអ៊ែរ និងមីស៊ីលមិនអាចមើលរំលងសម្រាប់សន្តិសុខរបស់ប្រទេសជប៉ុន និងក្នុងតំបន់នោះទេ។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយប្រទេសជប៉ុនក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះកូរ៉េខាងជើងផងដែរ៕ ប្រភព៖ NHK



