ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ២០១៩ ចាប់បើកដំណើរការហើយនៅកោះពេជ្ររយៈពេល៣ថ្ងៃ មានស្តង់ចំនួន៣៥០ និងផលិតផលជិត១.០០០ប្រភេទ
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៩នេះ ទុនវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសកម្ពុជា មានចំនួន៩.៣០០លានដុល្លារអាមេរិក បើប្រៀបធៀបទៅនិងឆ្នាំ២០១៨ មានការកើនឡើងរហូតទៅដល់៧៨ភាគរយ ។ នេះជាប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឡើងក្នុងឱកាសដែលអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី៨របស់សមាគម និងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិឆ្នាំ២០១៩ ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ទី០៧ ខែធ្នូនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានក្រើនរំលឹកដល់អ្នកប្រកបអាជីព និងធុរជនក្នុងវិស័យឧស្សាហកម្មសំណងទាំងអស់ ឲ្យចូលរួមគោរពច្បាប់សំណង់ និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធវិស័យសំណង់ឲ្យបានត្រឹមត្រូវ ដើម្បីធានានូវសុវត្តិភាព និងគុណភាពសំណង់នៅកម្ពុជា ។ ឯកឧត្តមបន្ថែមថា រាល់សំណង់ទាំងអស់ក៏ត្រូវតែមានការសិក្សាតម្រោងប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្គុំ សំណង់ ប្លង់ទឹក ភ្លើង និងមេកានិច រួមទាំងត្រូវមានការសិក្សាពីភូគព្គសាស្រ្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសផងដែរ ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានបញ្ជាក់ថា ពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នំា ដែលឆ្នំា២០១៩នេះ សមាគមបានរៀបចំស្តង់ចំនួន៣៥០ស្តង់ សម្រាប់ឱ្យក្រុមហ៊ុនទំាងនៅក្នុងប្រទេស និងបរទេសសរុប២០៧ក្រុមហ៊ុនបានដាក់តំាងបង្ហាញ និងលក់ផលិតផលដែលជាសម្ភារ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទសុទ្ធសឹងទំនើបៗ មានគុណភាព និងស្តង់ដាល្អៗ ។

អ្នកឧកញ៉ាបន្តថា ផលិតផលទំាងនេះមិនតិចជាង១.០០០ប្រភេទ រួមទំាងសេវាលក់អចលនទ្រព្យ ផ្ទះសម្បែង សេវាធនាគារ ធានារ៉ាប់រង សេវាកម្ចីប្រាក់សម្រាប់ទិញផ្ទះ និងកិច្ចការវិនិយោគផ្សេងៗ និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ទំនើបៗដែលបាននំាចូលពីបណ្តាប្រទេសជាច្រើនលើពិភពលោក ។ ប្រធានសមាគមអ្នកសាងសង់កម្ពុជារូបនេះបានបន្ថែមថា ក្នុងកម្មវិធីពិព័រណ៍នេះទៀតសោត ក៏បានរៀបចំឱកាស និងទីកន្លែងសម្រាប់ផ្តល់ឱ្យធុរកិច្ចជនទំាងអស់ ដែលមានរបរអាជីវកម្មជាអ្នកសាងសង់ អ្នកលក់ ឬម្ចាស់រោងចក្រ អ្នកទិញ អ្នកចែកចាយ អ្នកផ្គត់ផ្គង់បានជួបគ្នាដោយផ្ទាល់ ដើម្បីពិភាក្សាគ្នាថាតើអ្វីដែលជាតម្រូវការជាក់ស្តែង និងចំាបាច់សម្រាប់វិស័យឧស្សាហកម្មសំណង់នៅកម្ពុជា ៕ធ.ដ






