ក្រសួងសាធារណការ និងដឹកជញ្ជូន មានគម្រោងបង្កើតចំណតបន្ថែម បូករួមនឹងគន្លងផ្លូវពិសេសសម្រាប់ រថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរសាធារណៈ ដើម្បីឱ្យសេវានេះធ្វើដំណើរបានលឿន និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឆ្លើយតបនឹងសំនួរអ្នកសារពត៌មានក្នុងវេទិកាសំណេះសំណាល ស្ដីពីចល័តភាពក្នុងទីប្រជុំជន (URBAN MOBILITY FORUM) កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូននៅ បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ មានការរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលធ្វើអោយប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញសម្ភារៈប្រើប្រាស់ នានាបាន ។

ឯ,ឧ ទេសរដ្ឋមន្ត្រី បានបន្តថា ការរីកលូតលាស់នៃកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស បែបនេះ បានធ្វើអោយកំណើននៃការប្រើប្រាស់យានយន្តរបស់ប្រជាពលរដ្ឋ មានការកើនឡើងគួរអោយកត់សម្គាល់។ ឯកឧត្តម បន្តថា ជាក់ស្តែងក្នុង១ឆ្នាំ ប្រជាពលរដ្ឋទូទាំងប្រទេសទិញម៉ូតូជាង៣០ម៉ឺនគ្រឿង ដែលជាអត្រាមួយខ្ពស់គួរ សមសម្រាប់កម្ពុជា ក្នុងរយៈកាលប៉ុន្មានឆ្នាំនេះ ហើយដែលកំណើនយានជំនិះច្រើនបែបនេះហើយ ដែលជាហេតុធ្វើឲ្យ បញ្ហាកកស្ទះចរាចរណ៍នៅកម្ពុជា ដូច្នេះនេះជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ ។

ឯកឧត្តម ស៊ុន ចាន់ថុល បាន បញ្ជាក់ដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន មានគម្រោងបង្កើតចំណតបន្ថែម បូករួមនឹងគន្លងផ្លូវពិសេសសម្រាប់ រថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរសាធារណៈ ដើម្បីឱ្យសេវានេះធ្វើដំណើរបានលឿន ធ្វើឱ្យពលរដ្ឋ ងាកមកធ្វើដំណើរ តាមរថយន្តក្រុង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា  ក្រសួងសាធារណការ  និងដឹកជញ្ជូន នឹងបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាកែ ប្រែស្ថានភាពផ្លូវ គំនូសផ្លូវ ស្លាកសញ្ញាចរាចរណ៍ អោយកាន់តែល្អបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅកម្ពុជា ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) ជាមួយនឹងក្រុមហ៊ុន Grab បានរៀបចំ           វេទិកាសំណេះសំណាលស្តីពីការចល័តភាពក្នុងទីប្រជុំជន ។

ក្នុងឱកាសនេះ លោក Nick Beresford ប្រធាននិវាសដ្ឋានប្រចាំប្រទេសរបស់ UNDP បានមានប្រសាសន៍ឱ្យដឹងថា “ដោយទទួលស្គាល់តួនាទីជាមូលដ្ឋាននៃការដឹកជញ្ជូនប្រកបដោយចីរភាព ដើម្បីសម្រេចឱ្យបាននូវអនាគតដែលយើង ចង់បាន គម្រោង SUMAI (សម័យ) មានគោលបំណងគាំទ្រដល់បច្ចេកវិទ្យាដឹកជញ្ជូននៅតំបន់ទីក្រុង ប្រកបដោយ ចីរភាពដែលមានលក្ខណៈរួមបញ្ចូលគ្នា តាមរយៈការពង្រឹងសមត្ថភាពជាតិ និង ការពង្រឹងប្រព័ន្ធ ហើយស្របពេល ជាមួយគ្នានោះ ក៏ជម្រុញឱ្យមាននវានុវត្តន៍នៅក្នុងបច្ចេកវិទ្យាដឹកជញ្ជូនវ័យឆ្លាត សំដៅពន្លឿនវឌ្ឍនភាពលើបញ្ហាសុវត្ថិ ភាព និង ការចល័តសម្រាប់ទាំងអស់គ្នាផងដែរ ។ កិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP បង្ហាញឱ្យឃើញ នូវថាមវ័ន្តពហុវិស័យ ចំពោះការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការអភិវឌ្ឍ ដូចជាបញ្ហាការចល័តនេះជាដើម។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺជាឱកាសមួយដ៏វិសេសវិសាល ដើម្បី បង្ហាញអំពីវឌ្ឍនភាពរបស់កម្ពុជា រៀនសូត្រពីប្រទេសជិតខាងរបស់យើង និង ពាំនាំអ្នកដែលមានគំនិតដូចគ្នា ដើម្បីធ្វើ ដំណើរឆ្ពោះទៅរកគោលដៅរួមមួយ ដែលសំដៅធានាឱ្យបាននូវសុវត្ថិភាពផ្លូវថ្នល់ ព្រមទាំងការចល័ត និងការធ្វើដំណើរ កាន់តែប្រសើរ សម្រាប់ទាំងអស់គ្នា ។

លោក Russell Cohen ប្រធានផ្នែកប្រតិបត្តិការថ្នាក់តំបន់របស់ក្រុមហ៊ុន Grab បានមានប្រសាសន៍ថា “សម្រាប់ ក្រុមហ៊ុន Grab ការចល័តប្រកបដោយភាពវ័យឆ្លាត មានន័យថាជាការបោះជំហានហួសពីការដែលគ្រាន់តែប្រើប្រាស់ បច្ចេកវិទ្យាកម្រិតខ្ពស់។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលត្រូវយល់ឱ្យបានស៊ីជម្រៅអំពីបរិបទក្នុងមូលដ្ឋាន និង ការ លំបាកដែលអ្នកប្រើប្រាស់សេវារបស់យើងបានជួបប្រទះ។

ដូច្នេះ សម្រាប់ការចល័តប្រកបដោយភាពវ័យឆ្លាត រមែងតែង មានន័យថា ជាការដោះស្រាយបញ្ហាដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងការដឹកជញ្ជូន ដូចជាការច្របាច់បញ្ចូល គ្នានូវប្រព័ន្ធទូទាត់ប្រាក់ជាដើម ។ ប្រធានផ្នែកប្រតិបត្តិការថ្នាក់តំបន់របស់ក្រុមហ៊ុន Grab ជឿថា វេទិកានេះ នឹងជួយ ពង្រឹងការផ្តួចផ្តើមនានា សំដៅជម្រុញនវានុវត្តន៍ និងការកែលម្អបច្ចេកវិទ្យានៅក្នុងការចល័តនៅតំបន់ទីក្រុង ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner