ឯកឧត្តម សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា ដឹកនាំប្រតិភូចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីកិច្ចការអប់រំនគរបាល លើកទី១ នៅសាកលវិទ្យាល័យ West Londonចក្រភពអង់គ្លេស
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតបតាមការអញ្ជើញរបស់លោក Rod Jarman នាយកមហាវិទ្យាល័យនគរបាលក្រុងឡុង ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមសន្និសីទអន្តរជាតិស្តីពីកិច្ចការអប់រំនគរបាល លើកទី១ នៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងដំណើរមាតុភូមិនិវត្តន៍ ឯកឧត្តម បានមានប្រសាសន៍ថា សន្និសីទនេះជាព្រឹត្តការណ៍ដ៏មានសារសំខាន់មួយ ត្រូវបានរៀបចំនិងឧបត្ថម្ភដោយមហាវិទ្យាល័យនគរបាលក្រុងឡុង និងក្រុមប្រឹក្សាចក្រភពអង់គ្លេស ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ លើការងារស្រាវជ្រាវ និងការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ក្នុងបណ្ដាប្រទេសអាស៊ី និងចក្រភពអង់គ្លេស។

ជាលទ្ធផលនៃការចូលរួមសន្និសីទនេះ បណ្ឌិត្យសភាទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
• បានពង្រីកកិច្ចសហប្រតិបត្តិការការអន្តរជាតិបន្ថែមទៀត ជាមួយមហាវិទ្យាល័យនគរបាលក្រុងឡុង ដើម្បី ក្លាយជាដៃគូសហប្រតិបត្តិការយូរអង្វែងក្នុងថ្ងៃអនាគត លើកការងារស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល ការបណ្ដុះបណ្ដាលគ្រូបង្គោលលើជំនាញបច្ចេកទេសកោសល្យវិច័យ ការប្រឆាំងបទល្មើសតាមបច្ចេកវិទ្យា និងជំនាញពាក់ព័ន្ធផ្សេងទៀត។
• ពង្រឹងកិច្ចសហការលើការផ្លាស់ប្ដូរគណៈប្រតិភូទស្សនកិច្ចសិក្សា ចូលរួមសន្និសីទ និងការផ្លាស់ប្តូរនិស្សិតទៅវិញទៅមក ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ក្នុងក្របខណ្ឌទ្វេភាគីជាមួយមហាវិទ្យាល័យនគរបាលក្រុងឡុង ចាប់ពីឆ្នាំ២០២០ ដល់ ២០២៣ ។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនកិច្ចផ្ទាល់ ឧក្រិដ្ឋដ្ឋានសិប្បនិម្មិត ដើម្បីស្វែងយល់ អំពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការបំពាក់សម្ភារៈផ្សេងៗសម្រាប់បម្រើឱ្យការហ្វឹកហាត់ស៊ើបអង្កេតបទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទ៕ធ.ដ


