ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង និងភរិយាជិះសេះកម្សាន្តលើភ្នំ Paektu ជាលើកទី២
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់លោក គីម ជុងអ៊ុន និងក្រុមមន្ត្រីជាន់ខ្ពស់របស់លោក រួមទាំងភរិយា ជិះសេះកម្សាន្តនៅឯតំបន់ភ្នំ Paektu ។

នេះគឺជាលើកទី២ហើយ ដែលប្រមុខដឹកនំាកំពូលកូរ៉េខាងជើងរូបនេះ ជិះសេះសនៅលើភ្នំ Paektu ប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះ ជាទម្លាប់ឱ្យតែមេដឹកនាំកូរ៉េខាងជើងជិះសេះ ឬធ្វើដំណើរកម្សាន្តនៅលើភ្នំពិសិដ្ឋនេះ នឹងមានការសម្រេចចិត្តដ៏ធំមួយតែងត្រូវបានធ្វើឡើង ក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ។ក្នុងដំណើរកម្សាន្តនេះ លោក គីម ក៏បានប្រកាស ថា នឹងកោះប្រជុំបក្សពលករកូរ៉េខាងជើងនាពេលឆាប់ៗខាងមុខផងដែរ ។

សូមបញ្ជាក់ថា លោក គីម ជុងអ៊ុន បានទុកពេលឱ្យលោក ដូណាល់ ត្រាំ រហូតដល់ចុងឆ្នាំ២០១៩នេះ ដើម្បីផ្ដល់សម្បទានបន្ថែម ឬបើកកិច្ចចរចានុយក្លេអ៊ែរដែលកំពុងជាប់គាំងឡើងវិញ បើពុំដូច្នោះទេ កូរ៉េខាងជើងនឹងចាត់វិធានការថ្មីមួយជាការឆ្លើយតប ៕ធ.ដ

