រដ្ឋបាលជលផលនៃក្រសួងកសិកម្ម៖ រដូវធ្វើត្រីប្រហុកបានចូលមកដល់ ក្នុងរដូវនេសាទឆ្នាំ២០១៩-២០២០នេះ
រដ្ឋបាលជលផលនៃក្រសួងកសិកម្មនៅថ្ងៃទី៥ធ្នូនេះ បានជូនដំណឹងថា ក្នុងរដូវនេសាទឆ្នាំ២០១៩-២០២០នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើកំពស់ទឹកដែលហូរចេញពីបឹងទន្លេសាប គេសង្កេតឃើញថា ទឹកបានស្រកចុះយ៉ាងលឿនដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។
ទឹកដែលហូរចេញពីបឹងទន្លេសាបស្រកចុះលឿនបែបនោះ ធ្វើឲ្យគន្លងតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាលអាចនេសាទត្រីបានច្រើនក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ៩កើតដល់ថ្ងៃ១៣កើតត្រូវនឹងថ្ងៃទី៥ធ្នូដល់ថ្ងៃទី៩ធ្នូឆ្នាំ២០១៩ បើសិនជាផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។
រដ្ឋបាលជលផលបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុក ផ្អ ត្រីឆ្អើ ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ អាចមកទិញត្រីក្នុងខែមិគសិរនេះ ឲ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែងខាងលើ។ ជាមួយគ្នានោះដែរ រដ្ឋបាលជលផល ក៍បានសំណូមពរដល់អាជ្ញាធរមូលដ្ខាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឲ្យបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឲ្យបានធ្វើដំណើរទៅមក ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី កុំឲ្យមានការរាំងស្ទះ៕ធ.ដ
