ប្រតិភូបណ្តាក្រុមហ៊ុននានា មកពីខេត្តហាយណាន ប្រទេសចិន ចូលជួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម ទាក់ទងគម្រោងវិនិយោគលើវិស័យកសិកម្ម ជាពិសេសគឺដំណាំដូង
លោក Wang Yeqiao នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Hainan State Farms Holding Group Co., Ltd ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនំាប្រតិភូបណ្តាក្រុមហ៊ុននានា មកពីខេត្តហាយណាន ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទាក់ទងគម្រោងវិនិយោគលើវិស័យកសិកម្ម ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នាទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណ:ប្រតិភូដែលបាន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ហើយទស្សនកិច្ចនេះពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនកាន់តែរឹងមាំ និងស្ថិតស្ថិរយូអង្វែងថែមទៀត។

មិនត្រឹមតែប៉ុណ្ណោះ វាជាការបើកផ្លូវឲ្យបានទូលាយសម្រាប់ខេត្តហាយណានមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលពីវិស័យកសិកម្មកម្ពុជា និងបង្កើតកិច្ចសហប្រតិបត្តិការរវាងខេត្តហាយណាន ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលអនាគតដ៏ខ្លី ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យនេះឲ្យមានការរីក ចម្រើនសមស្របតាមយុទ្ធសាស្រ្ត “ផ្លូវ និងខ្សែក្រវ៉ាត់” របស់លោកប្រធានាធិបតី ស៊ី ជីងភីង។

លោក Wang Yeqiao បានបញ្ជាក់ថា សមិទ្ធផលនេះពិតជាបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោងរវាងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរដូចដែលឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងខាងលើ។ លោកក៏បានជម្រាបពីគោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ និងជាពិសេសអញ្ជើញមកជួបឯកឧត្តមរដ្ឋមន្ត្រី គឺទី១-ចង់បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មតំបន់ត្រូពិចកម្ពុជា-ចិន (China-Cambodia Tropical Agriculture Technology Center) និងទី២- សិក្សាពីសក្តានុពលលើដំណាំត្រូពិច ជាពិសេសដំណាំដូង ដើម្បីធ្វើការវិនិយោគជាលក្ខណ:ឧស្សាហកម្ម។

លោក បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថៃបានធ្វើការនាំចេញផ្លែដូងទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ដោយឡែកកម្ពុជាមានលក្ខណ:ភូមិសាស្រ្តទឹក ដី និងក្សេត្របរិស្ថានមិនខុសពីប្រទេសថៃ ដូច្នេះ បើគម្រោងនៃការបង្កើតសួននេះ ទទួលបានជោគជ័យនោះកម្ពុជាត្រូវបានគេទទួល ស្គាល់លើឆាកអន្តរជាតិកាន់តែច្រើនឡើងតាមរយ:ផលិតផលកសិកម្មតំបន់ត្រូពិច ជាពិសេសដំណាំដូង ។ ភ្ជាប់ទៅនឹងផលិតកម្មផ្លែដូងនេះ លោក ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ថ្មីមួយទៀត ក្រៅពីអង្ករ ស្វាយ ចេក ដំឡូង។ល។

ផ្លែដូងគឺមានសក្តានុពលនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគត ហើយកម្ពុជាមានផលិតផលនេះនៅក្នុងដៃ គ្រាន់តែនៅមិនទាន់បានឲ្យតម្លៃទៅលើការអនុវត្តន៍បច្ចេកទេសដាំដុះ ប្រមូលផល វេចខ្ចប់ ចងក្រងកំលាំងផលិត និងនាំចេញតែប៉ុនណ្ណោះ។ ហេតុផលនេះ ខេត្តហាយណាដែលជាខេត្តមានសក្តានុពលលើដំណាំនេះ ចង់មក រកដៃគូវិនិយោគដំណាំដូងនៅកម្ពុជាដើម្បីនាំចេញទៅកាន់ទីផ្សារចិន។

ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ រីករាយ និងគាំទ្រចំពោះឆន្ទ:បង្កើតសួនបច្ចេកវិទ្យាកសិកម្មដំណាំត្រូពិចកម្ពុជា-ចិន និងការវិនិយោគលើដំណាំដូងនៅកម្ពុជារបស់ខេត្តហាយណាន ព្រោះថាវាស្របពេលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយកចិត្តទុកដាក់លើការងារស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មទាន់សម័យឲ្យដល់ដៃអ្នកផលិត ដើម្បីធានាបានបរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ ប្រកួតប្រជែង និងមានទីផ្សារនាំចេញ។

ចំពោះដំណាំដូង ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវថា ពិតណាស់កម្ពុជាមានសក្តានុពលលើដំណាំនេះ ប្រសិនបើយើងបញ្ចូលបច្ចេកទេសដាំដុះសមស្របមួយឲ្យអ្នកផលិត និងរៀបចំក្រុម ឬសហគមន៍ផលិត យើងសង្ឃឹមថា ផលិតផលដូងនឹងមានតម្លៃបន្ថែមខ្ពស់ ដោយសារមានតម្រូវការទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យគណ:ប្រតិភូ រៀបចំក្រុមការងារបច្ចេកទេសមួយ សហការជាមួយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកដ្ឋានកសិកម្មដើម្បីរៀបចំឯកសារ អនុស្សារណៈនៃការយោគយល់គ្នា រួមជាមួយផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ដើម្បីឈានទៅដល់ការអនុវត្តគម្រោងក្នុងរយៈពេលដ៏ខ្លីខាងមុខ៕ធ.ដ