តំណាងរដ្ឋមន្រ្តីក្រសួងអប់រំ អនុញ្ញាតិឱ្យនិស្សិតវ័យក្មេងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យក្រុមនិស្សិតវ័យក្មេងរបស់កម្ពុជាចំនួន២០រូប ក្នុងនោះមានស្រីចំនួន៨រូប មានសមាសភាពជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលប្រឡងជាប់ អាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២១ និងឆ្នាំ២០២២ ចូលជួបសម្តែងការគួសម និងបានស្តាប់នូវអនុសាសន៍មួយចំនួន មុននឹងចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី នៅដើមខែកុម្ភៈ និងមួយចំនួនទៀត នៅខែមិថុនា ឆ្នាំ២០២២នេះ។
ពិធីប្រព្រឹត្តទៅនៅក្រោមវត្តមាន ឯកឧត្តម យក់ ង៉ុយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោកលោកស្រី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម យក់ ង៉ុយ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរ ជាខ្លាំងដល់បេក្ខជនជ័យលាភីទាំងអស់ ដែលមានសមត្ថភាពប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បេក្ខជនជ័យលាភីទាំងអស់ខិតខំសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅតាមជំនាញឯកទេសរបស់ខ្លួន ដើម្បីយកចំណេះដឹង ដែលទទួលបានមកអភិវឌ្ឍខ្លួនឯង និងប្រទេសជាតិ ឱ្យមានការរីកចម្រើនទៅអនាគត់ ។ ឯកឧត្តមក៏បានផ្តាំផ្ញើផងដែរក្នុងការស្នាក់នៅ រៀនសូត្រ នៅបរទេស ត្រូវប្រកាន់នូវឥរិយាបថសមរមជាពលរដ្ឋខ្មែរ ថែរក្សាទំនៀមទំលាប់ប្រពៃណីខ្មែរ និងត្រូវចេះលើកតំកើងវប្បធម៌ដ៏ល្អផូរផង់ របស់ដូនតាយើង ដែលជាតំណាងអត្តសញ្ញាណជាតិយើង៕ ដោយ-រ៉ាវុធ




