ប្រធានាធិបតីតួកគីអញ្ជើញមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនធ្វើកិច្ចពិភាក្សាគ្នានៅក្នុងប្រទេសខ្លួន ដើម្បីដោះស្រាយបញ្ហានានា
អង់ការ៉ា៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែនរាយការណ៍ថា ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បានអញ្ជើញសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី ទៅចូលរួមក្នុងកិច្ចប្រជុំនៅក្នុងប្រទេសតួកគី ដើម្បីពិភាក្សាពីភាពខុសគ្នា ក៏ដូចជាព្យាយាមជំនះនូវរាល់បញ្ហានានា។
យោងតាមរបាយការណ៍បានអោយដឹងថា អ្នកនាំពាក្យប្រធានាធិបតីតួកគី គឺ លោក អ៊ីប្រាហ៊ីម ខាលីន បាននិយាយថា លោក អឺដូហ្គាន់ នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែននាប៉ុន្មានសប្តាហ៍ខាងមុខនេះ និងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី។ លោក អ៊ីប្រាហ៊ីម ខាលីន បាននិយាយដូច្នេះថា តួកគីមិនចង់ឃើញជម្លោះយោធាណាមួយរវាងប្រទេសទាំងពីរ ហើយបានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន។
បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋតួកគី Anadolu លោក ខាលីន បានបន្ថែមទៀតថា ជាការពិតណាស់ លោកប្រធានាធិបតី អឺដូហ្គាន់ បានអញ្ជើញមេដឹកនាំទាំងពីរ (រុស្ស៊ី-អ៊ុយក្រែន) ប្រសិនបើពួកគេយល់ព្រម…ដើម្បីមកកាន់ទឹកដីតួកគី ហើយរៀបចំកិច្ចប្រជុំរួមគ្នាមួយដើម្បីដោះស្រាយនូវរាល់បញ្ហានានារវាងប្រទេសទាំងពីរ។ តួកគីត្រៀមខ្លួនរួចជាស្រេច ក្នុងការដើរតួនាទីដើម្បីបន្ធូរបន្ថយភាពតានតឹង៕ ប្រភព៖ Reuters

