ប្រមុខការទូតអាមេរិកធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែនហើយ ចំពេលមានភាពតានតឹងជាមួយរុស្ស៊ី
គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានទៅដល់រដ្ឋធានីគៀវ របស់ប្រទេសអ៊ុយក្រែនហើយ ជាទីដែលលោកនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី ព្រមទាំងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីត្រូ ខូឡេបា។
ក្រោយមកប្រមុខការទូតអាមេរិករូបនេះ នឹងបន្តដំណើរទៅកាន់ទីក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីជជែកពិភាក្សាជាមួយសម្ព័ន្ធមិត្ត នៅមុនពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីការចរចាកាលពីសប្តាហ៍មុនត្រូវទទួលបរាជ័យ។ ថ្លែងទៅកាន់អ្នកការទូតនៅឯស្ថានទូតអាមេរិកប្រចាំទីក្រុងគៀវ លោក ប្លីងគែន បាននិយាយថា លោកសង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ីអាចប្រកាន់ខ្ជាប់នូវមាគ៌ាការទូត និងសន្តិភាព នៅពេលលោកជួបជាមួយលោក ឡាវរូវ ហើយបានព្រមានថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងចេញបញ្ជាអោយវាយប្រហារអ៊ុយក្រែនក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក ប្លីងគែន បាននិយាយដូច្នេះថា ដូចដែលអ្នកទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ថា យើងបានបញ្ចុះបញ្ចូលកាលពីប៉ុន្មានខែមុននេះ ក្នុងការផ្តោតខ្លាំងលើអ៊ុយក្រែន ដោយសារតែការបង្កើនកម្លាំងដ៏សំខាន់ដែលយើងបានឃើញពីកងទ័ពរុស្ស៊ី ដែលយើងបានឃើញនៅជិតព្រំដែនអ៊ុយក្រែន… ការដាក់ពង្រាយទ័ពរបស់រុស្ស៊ីបានកើតឡើង ដោយគ្មានការបង្កហេតុ និងគ្មានហេតុផល។ លោក ប្លីងគែន បន្ថែមថា យើងដឹងថា មានផែនការក្នុងការបង្កើនកម្លាំងនោះបន្ថែមទៀតនៅក្នុងពេលដ៏ខ្លី ហេតុដូច្នេះនឹងផ្តល់ឱ្យលោកប្រធានាធិបតី ពូទីន នូវសមត្ថភាពផងដែរ នៅក្នុងពេលដ៏ខ្លីដើម្បីចាត់វិធានការដ៏ខ្លាំងក្លាបន្ថែមទៀតប្រឆាំងនឹងអ៊ុយក្រែន៕ ប្រភព៖ CGTN និង Reuters




