ក្រសួងសាធារណការ គ្រោងចំណាយថវិកាប្រមាណ៣លានដុល្លារ សម្រាប់ប្ដូរ ស្លាកលេខ ចាស់ គ្មាន QR កូដ ដូរយកស្លាកលេខថ្មី និងមាន QR កូដ ដោយឥតគិតថ្លៃ
រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ក្រសួងបានស្នើសុំថវិកាពីរាជ រដ្ឋាភិបាលប្រមាណ៣លានដុល្លារអាម៉េរិក សម្រាប់ចំណាយជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខយានយន្ដចាស់ ហើយគ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ ត្រឹមត្រូវ ដោយឥតគិតថ្លៃ ដើម្បីធានាសុវត្ថិភាព និងកុំឱ្យបន្ដមាន ការប្រើ ប្រាស់ស្លាកលេខ ក្លែងក្លាយ នៅទូទាំងប្រទេសតទៅទៀត។

ថ្លែងនៅក្នុងកិច្ចប្រជុំបូក សរុបលទ្ធ ផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ខែ ឆ្នាំ ២០១៩ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគូសបញ្ជាក់ថា ក្រសួង សាធារណការ និងដឹកជញ្ជូនបានធ្វើលិខិតមួយផ្ញើជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី ស្នើសុំថវិកាប្រមាណ៣លានដុល្លារ សម្រាប់ការផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខឡានចាស់ គ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ដូច្នេះថា ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលេខ ស្លាកឡានចាស់ គ្មាន QR កូដ សូមអញ្ជើញទាំងអស់ មកដូរយកស្លាកថ្មី ដែលមាន QR កូដ។ ពេលមកដូរនោះត្រូវធ្វើបច្ចុប្បន្នភាពឈ្មោះ ផ្ទះកាត់នៅកន្លែងណា កាត់ឈ្មោះហើយ ប៉ុន្ដែអត់ យកលុយទេ ធ្វើឱ្យព្រី ដែលរាជរដ្ឋាភិបាលយើងត្រូវចេញ ឱ្យ ប្រហែល៣លានដុល្លារអាម៉េរិក បង់ឱ្យតែក្រុមហ៊ុនKTS ដែលមកជាន់លេខទេ គឺធ្វើឱ្យទទេ ដល់បងប្អូនប្រជាពលរដ្ឋយើង ជា អំណោយរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ដថា ពេលមកដូរយកស្លាកលេខថ្មី ដែលមាន QR កូដនោះ ត្រូវធ្វើបច្ចុប្បន្នភាព អាសយដ្ឋាន ផ្ទះលេខប៉ុន្មាន និងទីកន្លែងរស់នៅរាជធានី ឬខេត្ដណា ដោយ ត្រូវធ្វើជាថ្មីឡើងវិញ និងកាត់ឈ្មោះឱ្យទៅម្ចាស់ដោយមិនគិតថ្លៃនោះទេ។

ឯកឧត្ដម ទេស រដ្ឋមន្រ្ដីបានថ្លែងថា ការធ្វើស្លាកលេខថ្មី ដែលមាន QR កូដ ជូនដល់ប្រជាពលរដ្ឋ គឺ ក្រសួងសាធារណការមិនយកលុយថ្លៃធ្វើនោះទេ គឺផ្ដល់ជូនដោយឥតគិតថ្លៃ ហើយត្រូវរៀប ចំទិន្នន័យថ្មី ធ្វើស្លាកលេខថ្មី មាន QR កូដ មានទីលំនៅត្រឹមត្រូវ កាត់ឈ្មោះត្រឹមត្រូវ ដើម្បីកុំ ឱ្យ មានស្លាកលេខក្លែងក្លាយប្រើប្រាស់បន្ដទៀត។ “ អញ្ចឹងធ្វើបច្ចុប្បន្នភាព មានអាសយដ្ឋាន មាន ម្ចាស់យានយន្ដ មានប័ណ្ណសម្គាល់យានយន្ដគឺថ្មីទាំងអស់ មាន QR កូដទាំងអស់” ។ នេះជាការ បញ្ជាក់បន្ថែមរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល។

ការលើកឡើងរបស់ឯកឧត្តរដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូននេះ បន្ទាប់ពី ពេល ថ្មីៗកន្លងមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានរកឃើញ និងចាប់បានអ្នកធ្វើ ស្លាកលេខ ក្លែងក្លាយចំនួន៧កន្លែង ដែលជាកន្លែងធ្វើស្លាកលេខនគរបាល, លេខខ.ម, លេខកងរាជអាវុធ ហត្ថ លេខភ្នំពេញ និងលេខខេត្ដ ដែលទាំង៧កន្លែងនេះ គឺជាកន្លែងជាន់លេខសេះហោះ ឬស្លាកលេខក្លែងក្លាយ។

ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ក៏បានបន្ថែមថា ដើម្បីកុំឱ្យ មាន ស្លាកលេខសោះហោះ ឬក្លែង ក្លាយប្រើប្រាស់បន្ដទៀត នៅក្នុងប្រទេសកម្ពុជា គឺចាំបាច់ត្រូវប្ដូរ មកលេខថ្មី ដែលមាន QR កូដ ដើម្បីផ្ដល់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ស្លាកលេខត្រឹមត្រូវ និងទទួលបាននូវ ទិន្នន័យល្អ ទាំងអស់ សម្រាប់ការគ្រប់គ្រងស្លាកលេខយានយន្ដ។

ឯកឧត្ដមបានបន្ថែមទៀតថា គម្រោងស្នើសុំថវិកា និងរៀបចំប្ដូរស្លាកលេខចាស់ និង ផ្ដល់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សម្រាប់ប្ដូរឱ្យមកប្រើប្រាស់ស្លាកលេខថ្មីដែលមាន QR កូដ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ ហើយលទ្ធផលយ៉ាងណានោះនៅមិនទាន់បានទទួលនៅឡើយ៕ធ.ដ