សម្តេចតេជោ ហ៊ុន សែន អបអរសាទរជ័យជម្នះរបស់កីឡាករកម្ពុជា លើក្រុមម៉ាឡេស៊ី និងជូនពរឱ្យឈ្នះនៅវគ្គបន្ត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ និងកោតសរសើរសម្រាប់កីឡាករ បាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ដែលបានយកឈ្នះកីឡាករម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ។

សម្តេចបានសរសេរយ៉ាងដូច្នេះថា«សូមអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិ យុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA) ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន ដែលកម្ពុជា បានឡើង ទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ។ អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាម ទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងព្រឹត្តិការណ៍ កីឡា SEA Games 2019 » ។

គួរបញ្ជាក់ថា ៣គ្រាប់របស់កម្ពុជា ធ្វើបានដោយកីឡាករ អ៊ិន សូដាវីត, សៀង ចាន់ធា និងកីឡាករ កែវ សុខផេង ដោយឡែក ១គ្រាប់របស់ក្រុមម៉ាឡេស៊ី ធ្វើបានដោយកីឡាករ Q Cheng ។ ចំណែកឯក្រុមម្ចាស់ផ្ទះហ្វីលីពីន បានយកឈ្នះលើក្រុមទីម័រខាងកើតក្នុងលទ្ធផល ៦ ទល់នឹង ១ ប៉ុន្តែដោយចាញ់គ្រាប់ស៊ុតរបស់កម្ពុជា ទើបធ្វើឱ្យក្រុមកម្ពុជា បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បន្តទៀត ។

សូមបញ្ជាក់ថា ប្រវត្តិកីឡាស៊ីហ្គេមតាំងពីឆ្នាំ១៩៩៥មក កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា មិនដែលបានយក ឈ្នះម៉ាឡេស៊ីនោះឡើយ ហើយក៏មិនដែលបានឡើងទៅវគ្គខ្វែងពូលនោះដែរ។ ដូច្នេះការដណ្តើមជ័យជម្នះរបស់កម្ពុជាក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃនេះ គឺជាការបំបែកកំណត់ត្រាថ្មី ក្នុងការយកឈ្នះ ហើយក៏ជាការបំបែកកំណត់ត្រាឆ្លងទៅវគ្គខ្វែងពូល ឬវគ្គពាក់កណ្តាលផ្តាច់ព្រាត់ផងដែរ ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner