កម្ពុជាបន្តការប្រកួតថ្ងៃពុធនេះលើ៨ប្រភេទកីឡា ខណៈកីឡាប៉េតង់ត្រូវបន្តលើកពេល ក្នុងការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន
ស៊ីហ្គេមហ្វីលីពីន៖ ការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ គឺកម្ពុជាបន្តការប្រកួតលើ៨ប្រភេទកីឡា ខណៈប្រភេទកីឡាមួយចំនួនដែលលើកពេលប្រកួតកាលពីថ្ងៃអង្គារ៍ម្សិលមិញត្រូវបន្តការប្រកួតនៅថ្ងៃនេះឡើងវិញ ដោយសារកត្តាអាកាសធាតុខ្យល់ព្យុះនាំភ្លៀងនៅទីក្រុងម៉ានិល និងទីក្រុង Clark។

តាមការគ្រោងទុក កម្មវិធីប្រកួតរបស់កម្ពុជាត្រូវប្រកួតលើ៩ប្រភេទកីឡា នៅថ្ងៃពុធនេះ ប៉ុន្តែការប្រកួតកីឡាប៉េតង់ នៅតែពន្យាពេល លើកទៅប្រកួតនៅថ្ងៃស្អែក ខណៈកីឡាមួយចំនួនបន្តការប្រកួតឡើងវិញ។ ការប្រកួត៨ប្រភេទកីឡារបស់កម្ពុជានៅថ្ងៃនេះមានសីដក់ប្រកួតជាមួយវៀតណាម និងឡាវ, បាល់ទះក្នុងសាល, វាយកូនបាល់, បាល់ទាត់បុរសប៉ះជាមួយម៉ាឡេស៊ី ដែលជាជំនួបចុងក្រោយ សន្សំពិន្ទុក្នុងពូលA, បេស្បល, ប្រដាល់សកល ហែលទឹក ហុកគីនារីក្នុងសាល ដោយប្រកួតនៅទីក្រុងម៉ានិល ទីក្រុង Clark និង Subic និង Solu។

ចំពោះតារាងមេដាយបណ្តោះអាសន្នគិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៤ខែធ្នូនេះ គឺកម្ពុជាឈ្នះបានមេដាយមាស១គ្រឿង ប្រាក់៣ និងសំរឹទ្ធ១៧គ្រឿង សរុប២១គ្រឿង ហើយកម្ពុជាកំពុងឈរនៅចំណាត់ថ្នាក់៩ ក្នុងចំណោម១១ប្រទេស ដោយមេដាយ២១គ្រឿងនេះរកបានលើ២ប្រភេទកីឡាគឺសីដក់ និងប្រភេទកីឡាប្រពីណៃរបស់ម្ចាស់ផ្ទះហ្វីលីពីន Arnis។

ចំពោះម្ចាស់ផ្ទះកំពុងក្តោបក្តាប់លើកំពូលតារាងមេដាយលើសរុបរហូតដល់មេដាយមាស ៥០ សរុប៩៩ តាមពីក្រោយដោយវៀតណាម មេដាយមាស ២៣ សរុប៧៥ និងលេខ៣ ម៉ាឡេស៊ី មេដាយមាស១៨គ្រឿង សរុប៣៩គ្រឿង។ចំពោះកីឡាបេស្បល គឺកម្ពុជាប្រកួតចាញ់ម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល ១២ទល់០ ខណៈក្រុមថៃយកឈ្នះសឹង្ហបុរី១២ទល់៧។ ដោយឡែកប្រភេទកីឡាហែលទឹកលើវិញ្ញាសា ១០០ម៉ែត្រកង្កែប និងសេរី គឺកម្ពុជាធ្វើមិនបានល្អឡើយ។

សូមបញ្ជាក់ថា ក្រៅពីមេដាយមាសប្រាក់ និងសំរឹទ្ធចំនួន២១គ្រឿងនេះ គឺពេលនេះ គឺកម្ពុជាកំពុងឈរនៅក្នុងកម្រិតមេដាយសំរឹទ្ធ២គ្រឿងបន្ថែមទៀត លើប្រភេទកីឡាប៉េតង់ជាក្រុមនារី និងប្រដាល់ប្រដាល់គុនខ្មែរ ប៉ុន្តែប្រសិនបើក្រុមនេះបន្តយកឈ្នះ១ប្រកួត ឈរនៅមេដាយប្រាក់ និងឈ្នះប្រកួតទី២ ឈ្នះមេដាយមាសតែម្តង៕ធ.ដ





