ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅខេត្តកែប ដោយឥតគិតថ្លៃ!

នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤២៣នាក់ ស្រី ៣៦៩នាក់ បានចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងខេត្តកែប នៅបរិវេនអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ស្ថិតក្នុងភូមិកែប សង្តាត់កែប ក្រុងកែប ខេត្តកែប ។

កញ្ញាវេជ្ជបណ្ឌិត សោ ស្រីពេជ្រ បញ្ជាក់ថា ក្រៅពីការពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូននាពេលនេះ ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ផ្តោតការយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយអប់រំ ប្រជាជននៅទូទាំងប្រទេស រួមទាំងខេត្តកែបផង ឱ្យបន្តរួមសហការគ្នា ប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ-១៩ តាមរយៈការរស់នៅតាមបែបគន្លងថ្មី ពាក់ម៉ាសជាប្រចាំ រក្សាអនាម័យ លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ យកអាល់កុលឬជែលតាមខ្លួន រក្សាគម្លាតសុវត្ថិភាព ជាដើម តាមវិធានការ បីកុំ បីការពារ ឱ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះនិងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លេីម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ..។ ល។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យ ព្យាបាល ជម្ងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ចំនួន ១០០០នាក់ ដែលលើកនេះជាលើកទី៣ហើយ ។ ឯកឧត្តមអភិបាលខេត្ត ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបាន ក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្ប:ចែករំលែកដ៏ល្អប្រពៃ។

ថ្លែងបើក ពិធីពិនិត្យ និងព្យាបាលជំងឺ នាឱកាសនោះ ឯកឧត្តម ឈឿន ប៊ុនណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯក ឧត្តម ហ៊ុន ម៉ានី បានបង្កើតឡើងជិត ១០ឆ្នាំមកហើយ ដោយឈរលើបេសកកម្មមនុស្សធម៌ ពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពរដ្ឋ ដោយ ឥតគិតថ្លៃ នៅទូទាំង ២៥រាជធានី-ខេត្ត ដោយពុំគិតពីនិន្នាការនយោបាយ មិនប្រកាន់បក្សពួក ពណ៌ សម្បុរ ឬសាសនាឡើយ ទឹកចិត្ត និងបេសកកម្មមនុស្សធម៌នេះ ស្តែងឡើង ពីក្តីស្រឡាញ់ បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញខ្មែរ ខ្មែររួបរួមគ្នាតែមួយ។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋលេខាធិការ សំណូមពរបងប្អូន លោកតា លោកយាយ ដែលអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ សូមមានការរក្សាគម្លាតអោយបានត្រឹមត្រូវតាមការណែនាំ និងសូមអោយក្រុមយុវជន សសយក ក៏ដូចជាយុវជនស្មគ្រចិត្តកាកបាទក្រហម ជួយសម្រួលជូន លោកតា លោកយាយ ចាស់ៗ អោយពួកគាត់ បានពិនិត្យនិងព្យាបាលជំងឺដោយរលូន និងប្រកបដោយសុវត្ថិភាព ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner